សារអេឡិចត្រូនិច
សមត្ថកិច្ច​ឃាត់ខ្លួន​នារី​ម្នាក់​អតីត​អ្នកកាសែត​”The Cambodia Daily”


សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​ម្នាក់​អតីត​អ្នកកាសែត​”TheCambodiaDaily”​ដោយ​បន្លំ​ចូល​តុលាការ​កំពូល​ជា​ថ្ងៃ​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​ដែល​បន្លំ​ខ្លួន​ជា​អ្នកសារព័ត៌មាន​ចូល​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ នេះ ខណៈដែល​សំណុំរឿង​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង ដំណើរការ​។​

នារី​ខាងលើ​មានឈ្មោះ ឡេ ឡែ​ន ជា​អតីត​អ្នកសារព័ត៌មាន​នៅ​កាសែត​”The Cambodia Daily”​។ ក្រោយពី​ចាប់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​នារី​ម្នាក់​នោះ ទៅ​សាកសួរដើម្បី​បញ្ជាក់​ពី​គោលបំណង​ពិត​របស់​នាង​។​

​គួរ​បញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​១៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ នេះ កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ​ជាច្រើន​កន្លែង ព្រមទាំង​ដាក់​រនាំង​ដែក​ជាច្រើន​កន្លែង​ផ្សេងគ្នា​នៅលើ​ក​កំណាត់​ផ្លូវ​នានា​ជុំវិញ​តុលាការ​កំពូល​នៅ​ថ្ងៃ​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការដាក់​ពង្រាយ​នេះ ត្រូវបាន​មានការ​យាម​យ៉ាង​តឹងតែង​បំផុត​គឺ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​ដោយ​សេរី​ដូច​សព្វថ្ងៃ​នោះទេ លើ​កំណាត់​ផ្លូវ​ជុំវិញ​តុលាការ​កំពូល ។​

ការដាក់​កម្លាំង​សមត្ថកិច្ច​នេះ​ផងដែរ ត្រូវបាន លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគ​បាល​ជាតិ និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​”​ការដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅថ្ងៃនេះ ដើម្បី​រក្សា​សន្តិសុខ​ប៉ុណ្ណោះ​”៕