សារអេឡិចត្រូនិច
រាជរដ្ឋាភិបាល​សម្រេច​បន្ថយ​ពន្ធ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​


រាជរដ្ឋាភិបាល​បានចេញ​សេចក្ដីសម្រេច​បន្ធូរបន្ថយ​ពន្ធ​កាក់​ទុក​លើ​ប្រាក់កម្ចី ពី​បរទេស​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​បន្ថយ​ពី ១៤​ភាគរយ មក ១០​ភាគរយ​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៧ ខែតុលា​។​

កា​រស​ម្រ​ច​បន្ធូរ​បន្ថយពន្ធ​នេះ​គឺធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បានកំណត់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្ដល់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ដោយ​គិត​​អត្រា​ការប្រាក់​មិន​លើសពី ១៨​ភាគរយ​ក្នុង​មួយឆ្នាំ​។​ ​ប្រកាស​ខាងលើ​បាន​កំណត់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវអនុវត្ត​ការ​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការប្រាក់​ដែល​ខ្ចី​ពី​បរទេស​ចំនួន ១០​ភាគរយ ដោយ​នៅសល់ ៤​ភាគរយ​ទៀត​ជា​បន្ទុក​របស់​រដ្ឋ​។​
​ ​
​ការសម្រេច​នេះ ក្រសួង​អះអាងថា ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​លើ​ការប្រាក់​ចំពោះ​ប្រាក់​ដែល​ខ្ចី​ពី​បរទេស​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​រក្សា​និរន្តរភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​
​ ​
​ប្រកាស​នេះ​កំណត់​ទៀតថា ការអនុគ្រោះ​នេះ ត្រូវអនុវត្ត​ចំពោះ​ការ​ទូរ​ទាត់​ការប្រាក់​ក្នុងអំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប៉ុន្តែ​មិន​អនុវត្ត​ចំពោះ​ការប្រាក់​ដែល​បាន​ទូទាត់​មុនពេល​ចូល​ជាធរ​មាននៃ​ប្រកាស​នេះ​ទេ​៕