សារអេឡិចត្រូនិច
កុមារ​​ជា​ង១៣០​នាក់ ​ឬ​ច្រើនជាង​នេះ​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ដោយសារ​ភាពអត់ឃ្លាន​និង​ជំងឺ​ធ្ងន់ធ្ងរ


ក្រុម​ជំនួយ​អន្តរជាតិ​បាន​និយាយថា កុមារ​ប្រមាណ​ជា​១៣០​នាក់​ឬ​ច្រើនជាង​នេះ​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ដោយសារ​ភាពអត់ឃ្លាន​និង​ជំងឺ​ធ្ងន់ធ្ងរ នៅ​ប្រទេស​យេ​ម៉ែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​។

​អង្គការ​សង្គ្រោះ​កុមារ (Save the Children) បាន​និយាយ​នៅ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​វិច្ឆិកា​ថា ការហ៊ុមព័ទ្ធ​ដែល​នៅតែ​បន្ត​ដោយ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​វាយ​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​និកាយ​ស៊ី​អ៊ី​ត​យេ​ម៉ែន​នោះ គឺ​ទំនងជា​បង្កើន​អត្រា​ស្លាប់​ដ៏​ច្រើន​នេះ​។ អង្គការ​សង្គ្រោះ​កុមារ បាន​និយាយថា​ក្មេង​ជាង​៥០.០០០​នាក់ ត្រូវបាន​គេ​ជឿថា បាន​ស្លាប់​នៅ​ឆ្នាំ​២០១៧ ។​

​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​រាំងខ្ទប់​កំពង់ផែ​របស់​យេ​ម៉ែន បន្ទាប់ពី​ការវាយប្រហារ​មី​ស៊ី​ល​របស់​ក្រុម​ឧទ្ទាម ដែល​បាន​ធ្លាក់​នៅក្បែរ​ទីក្រុង រី​យ៉ា​ដ (​អារ៉ាប់​ប៊ី​សា​អូឌីត​) កាលពីដើម​ខែវិច្ឆិកា​។ អារ៉ាប់​ប៊ី​សា​អូឌីត​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមចម្រុះ​នេះ​នឹង​បញ្ឈប់​ការហ៊ុមព័ទ្ធ​នេះ បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង​ពី​អន្តរជាតិ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ វិច្ឆិកា ក្រុម​មេដឹកនាំ​នៃ​អង្គការ​សុខភាព​ពិភពលោក ក្រុម​សង្គ្រោះ​កុមារ​នៃ​អង្គការសហ ប្រជាជាតិ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បានធ្វើការ​អំពាវនាវ​រួមគ្នា​ដើម្បីឱ្យ​មានការ​បន្ធូរបន្ថយ​ការហ៊ុមព័ទ្ធ​នេះ​៕