សារអេឡិចត្រូនិច
ទេស សុខន មិន​ចុះចាញ់​ ឬ​បោះបង់​ចោល​ការ​សម្ដែង​របាំ​បុរាណ​ឡើយ


សិល្បករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ទាំង​ការ​សម្ដែង និង​ការ​ប្រើ​ទឹក​មុខ លោក ទេស សុខន ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា ដើរ​តួ​ជា​នាង​សិតា ក្នុង​ទម្រង់​ល្ខោន​ខោលថា បើ​ទោះ​ជា​ពេល​បច្ចុប្បន្ន​នេះ​ខ្លួន​មិន​សូវ​មាន​គេ​ហៅ​សម្ដែង​លើ​ទម្រង់​បុរាណ​ក្ដី តែ​លោក​នៅ​តែ​មិន​បោះ​បង់​ទម្រង់​នេះ​ឡើយ។ សិល្បករ​មក​ពី​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​ថា ក្នុង​១ខែ​ជួន​កាល​គ្មាន​គេ​ហៅ​ទៅ​សម្ដែងសូម្បី​តែ​ម្ដង តែ​លោក​មិន​កើត​ទុក្ខខ្លាំង​ពេក​ទេ ហើយ​លោក​ខំ​ប្រឹងប្រែង​ហាត់​រៀន​បន្ត​ទៅ​ទៀត​សម្រាប់​អនាគត​ទៅ​មុខ និង​ដើម្បី​ក្មេង​ជំនាន់​ក្រោយ។

សិល្បករ​វ័យ២៤​ឆ្នាំ​រូប​នេះ មាន​បង​ប្អូន​៣នាក់ លោក​ជា​កូន​ទី២។ លោក​បាន​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ដោយ ហាត់របាំប្រពៃណីក្នុងសមាគម "មរតក​​កុមារ​បាសាក់" ហើយ​ក៏​បាន​ឈប់​២ឆ្នាំ​ ដោយ​សារ​មិន​អាច​ទ្រាំ​នឹង​ភាព​ឈឺចាប់​នៃការហាត់ពត់ពេនខ្លួនបាន។

បន្ទាប់មកលោក​បាន​ឡើង​មក​ភ្នំពេញ​នៅ​ចុង​ឆ្នាំ២០០៩ ដើម្បីហាត់របាំបន្ត ដោយ​ស្នាក់​នៅ​ជា​មួយ​ម្ដាយ​មីង។ ចំពោះ​ថវិកា​ដែល​បាន​ពី​ការ​សម្ដែង​វិញ លោក​បញ្ជាក់​ថា ផ្គត់ផ្គង់​បាន​ត្រឹម​ការ​ចំណាយ​ផ្ទាល់​ខ្លួន​ មិន​ទាន់​អាច​ជួយ​គ្រួសារ​បាន​ទេ ព្រោះ​ពុំសូវ​មាន​អ្នក​ហៅ។ សិល្បករ​រូប​នេះ​ចេះ​របាំ៣​ទម្រង់ គឺ​របាំ​បុរាណ របាំ​ប្រពៃណី និង​ល្ខោនខោល ក្រៅ​ពី​ការ​សម្ដែង​សិល្បៈ លោក​ក៏​ជា​អ្នក​តុបតែងសម្លៀកបំពាក់​ឲ្យសិល្បៈ​ការិនី​របាំ​បុរាណ​ផង​ដែរ៕

ប្រភព៖  Sabay