សារអេឡិចត្រូនិច
ជំទាវ​ទី​១​របស់​ស៊ីម​បា​វ៉េ ត្រូវបាន​ប្រជាជន​ស្អប់​ទូទាំងប្រទេស​ចំពោះ​ការចាយវាយ​ដ៏​ខ្ជះខ្ជាយ


លោកស្រី ហ្គ្រេ​ស (Grace) គឺជា​ជំទាវ​ទី​១​ស៊ីម​បា​វ៉េ​ចាយ​ឥត​សំចៃ​ដៃ​មួយរូប ដែល​បាន​ចំណាយលុយ ៤​លាន​ដុល្លារ​លើ​ពិធីមង្គលការ​កូនស្រីរ​បស់​គាត់ កាន់កាប់​ផ្ទះ​ប្រណិត​នៅ​ជុំវិញ​ពិភពលោក ហើយ​ថ្មីៗ​នេះ​គាត់​បាន​ចំណាយ​ប្រាក់​ជិត ៤០ ម៉ឺន​ដុល្លារ​លើ​រថយន្ត Rolls-Royce​។​

​ដោយ​ត្រូវ​បានដាក់​រហស្សនាម​ថា “Gucci Grace” ដោយសារតែ​ការស្រឡាញ់​ប្រាក់​របស់គាត់​នោះ ជំទាវ​ទី​១​របស់​ជន​ផ្តាច់ការ រ៉ូបឺត មួ​ហ្គា​បេ រូបនេះមានឈ្មោះ​ល្បីល្បាញ​ខាង​ចាយ​ខ្ជះខ្ជាយ និង​ទិញ​ទំនិញ​ថ្លៃៗ​នៅ​ជុំវិញ​ពិភពលោក​។​

“​ជំទាវ​ទី​១​ខាង​ដើរ​ទិញ​អីវ៉ាន់​” អាយុ ៥២ ឆ្នាំ​រូបនេះ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​ជាមួយ​ប្រធានា ធិបតី​មួ​ហ្គា​បេ​អាយុ ៩៣ ឆ្នាំ​នៅឯ​វីឡា Blue Roof ដែលមាន​បន្ទប់​គេង​ចំនួន ២៥ នៅ​ទីក្រុង​ហា​រ៉ា​រ៉េ បន្ទាប់ពី​រដ្ឋ ប្រហារ​យោធា​នោះ បាន​ចំណាយ​រាប់លាន​ដុល្លារ​ដ៏​ខ្ជះខ្ជាយ​ក្នុង​រយៈពេល​ត្រឹម​១​ឆ្នាំ ក្នុងនោះ​រាប់ទាំង​ការចំណាយ​ប្រាក់​ជិត ៣០ ម៉ឺន​ដុល្លារ​ទិញ​គ្រែ​ពូក​ដាំ​ពេជ្រ​ទៀតផង​។​

​លោកស្រី​ត្រូវបាន​គេ​ស្អប់​ខ្លាំង​នៅ​ទូទាំងប្រទេស​ស៊ីម​បា​វ៉េ ជាទី​ដែល​ប្រជាជន ៧ នាក់​ក្នុងចំណោម ១០ នាក់​ជាប់ផុង​ក្នុង​ភាពក្រីក្រ​។ ប្រជាជន​ខឹង​ជាខ្លាំង​ពេលឮ​របាយការណ៍​អំពី​របៀប​រស់នៅ​ដ៏​ហ៊ឺហា​របស់​ជំទាវ​រូបនេះ ដែល​ធ្លាប់បាន​ចំណាយ​ដល់​ទៅ ១៦ ម៉ឺន​ដុល្លារ គ្រាន់តែ​ទិញ​ទំនិញ​មួយ​ជើង​នៅ​ទីក្រុង​ប៉ារីស​។​

​កូនៗ​របស់​ប្តី​ប្រពន្ធ​ថ្នាក់ដឹកនាំ​រូបនេះ​ហាក់ដូចជា​បានទទួល​នូវ​រសជាតិ​ចាយ​ខ្ជះខ្ជាយ​របស់​ឪពុកម្តាយ​របស់ខ្លួន​ដែរ​។ កូនប្រុស​ពៅ​របស់​ពួកគេ​ឈ្មោះ ចា​តុង​ហ្គា (Chatunga) បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ Snapchat ដោយ​បង្ហាញខ្លួន​គាត់​ចាក់​ស្រា​សំប៉ាញ​ឈ្មោះ Armand de Brignac Champagne តម្លៃ​ជិត ២៧០ ដុល្លារ​ក្នុង​មួយ​ដប និង​នាឡិកា Rolex តម្លៃ​ជិត ៦០.០០០ ដុល្លារ​នៅ​យប់​មួយ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​។ គាត់​បាន​អួតថា គាត់​មាន​នាឡិកា​ថ្លៃ​បែបនេះ​គឺ​ដោយសារតែ​ឪពុក​គាត់​គ្រប់គ្រង​ប្រទេស​ទាំងមូល​។​

​តាម​របាយការណ៍ ក្នុង​ឆ្នាំ ២០១៤ លោកស្រី​ហ្គ្រេ​ស បាន​ចំណាយលុយ​រាប់លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម ១ ឆ្នាំ​ប៉ុណ្ណោះ ក្នុងនោះ​គាត់​បាន​ទិញ​ចិញ្ចៀនពេជ្រ ១២ វង់ ស្បែកជើង​ម៉ាក Ferragamo ចំនួន ៦២ គូ និង នាឡិកា Rolex តម្លៃ​ដល់​ទៅ ១០៥.០០០ ដុល្លារ​៕