សារអេឡិចត្រូនិច
សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​ ល្អ​ជាង​ប្រទេស​ថៃ​ និង​វៀតណាម​


របាយការណ៍​ស្ដី​អំពី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​សកល​លោក​ប្រចាំ​ឆ្នាំ​ ២០១៧ ដែល​ចេញ​ផ្សាយ​ដោយ​អង្គភាព​ Freedom House បាន​បង្ហាញ​ថា​សេរីភាព​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​ មាន​​ស្ថានភាព​ល្អ​ប្រសើរ​ជាង​បើ​ប្រៀប​នឹង​ប្រទេស​ក្បែរ​ខាង​ ថៃ​ និង​វៀតណាម។

របាយការណ៍​បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​​ទទួល​បាន​ ៥២ ពិន្ទុ ​ស្មើ​នឹង​​ Partly Free ចំណែក​ ប្រទេស​ថៃ​​ទទួល​បាន​ ៦៧ ពិន្ទុ ​ស្មើនឹង​​ Not Free និង​ប្រទេស​វៀតណាម​ទទួល​បាន​ ៧៦ ពិន្ទុ​ ​ស្មើ​នឹង​ Not Free ដូច​គ្នា។

តាម​របាយការណ៍​​ក៏​បាន​ឲ្យ​​ដឹង​ដែរ​ថា​ប្រទេស​​ចិន​ជា​ប្រទេស​ដែល​​សេរី​ភាព​លើ​អ៊ីនធឺណិត​មាន​ស្ថានភាព​អាក្រក់​ជាង​គេ​បំផុត​ ទទួល​បាន​ ៨៧ ពិន្ទុ ហើយ​នេះ​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល​ប្រទេស​ចិន​បាន​ចំណាត់​ថ្នាក់​មិន​ល្អ​នេះ។ ប្រទេស​ដែល​មាន​សេរីភាព​ជាង​គេ​លើ​អ៊ីនធឺណិត​គឺ​ប្រទេស​ អ៊ីស្លង់ និង​​អេស្តូនី ដែល​ទទួល​បាន​ ៦ ពិន្ទុ។

របាយការណ៍​ខាង​លើ​នេះ​បង្កើត​ឡើង​បាន​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​នៃ​បុគ្គលិក​របស់​ Freedom House រួម​ជា​មួយ​នឹង​បណ្ដាញ​​នៃ​អ្នក​ស្រាវជ្រាវ​ និង​ទីប្រឹក្សា​ក្នុង​ស្រុក​ប្រចាំ​ប្រទេស​ទាំង​ ៦៥ ដែល​មាន​ឈ្មោះ​ក្នុង​របាយការណ៍។ ក្រុម​ការងារ​ និង​បណ្ដាញ​ទាំង​នេះ​ មាន​​សមត្ថភាព​​​​​លើ​ផ្នែក​ផ្សេងៗ​គ្នា​​រួម​មាន​ ពាក្យ​​គន្លឹះ​សំខាន់, ការ​យល់​ដឹង​ពី​ Blog,​ ​ផ្នែក​សារព័ត៌មាន និង​លើ​ផ្នែក​បច្ចេកវិទ្យា​ ដែល​សុទ្ធ​សឹង​​ពាក់​ព័ន្ធ​នឹង​អ៊ីនធឺណិត៕

ប្រភព៖ Freedom House