សារអេឡិចត្រូនិច
សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្រកាស​ពី​កាលបរិច្ឆេទ​ប្រកួត​ជើងឯក​ជាតិ​


សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានប្រកាស​ជា​ផ្លូវការ​ណ៍ហើយ ពី​កាលបរិច្ឆេទ​រៀបចំ​ការ​ប្រកួត​កីឡាហែលទឹក​ជ្រើស រើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ គឺ​ធ្វើ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា នា​អាង​ហែល​ទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​ការប្រកួត​នេះ ចែកចេញជា​២​ក្របខ័ណ្ឌ គឺ​៖

១-ក្របខ័ណ្ឌ​ក : បុរស​-​នារី និង​ក្របខ័ណ្ឌ​ក​-២ បុរស​-​នារី

២-​ក្របខ័ណ្ឌ​ក : ​អាយុ​ក្រោម​១៨​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ប្រកួត ឯ​ផ្នែក​បុរស​ក្របខណ្ឌ​ក​១ និង​ផ្នែក​នារី​ក្របខណ្ឌ​ក​១ (​ក្រុម​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ​)​។

​កីឡាករ​ម្នាក់​អាចមាន​សិទ្ធិ​ប្រកួត​បាន​ចំនួន​៥​វិញ្ញាសា បូក​រួមទាំង​វិញ្ញាសា​ហែល​បណ្តាក់​។ ការប្រកួត​ឆ្នាំនេះ មាន​២៦​វិញ្ញ​សា គឺ​ផ្នែក​នារី​ក្របខណ្ឌ​ក​២ មាន​៦​វិញ្ញ​សា រួមមាន​ហែល​ទឹក​សេរី ៥០​ម៉ែត្រ ហែល​ទឹក​កង្កែប ៥០​ម៉ែត្រ ហែល​ទឹក​ផ្ងារ ៥០​ម៉ែត្រ ហែល​ទឹក​មេអំបៅ​៥០​ម៉ែត្រ ហែល​ទឹក​៤​របៀប​ឯកត្តជន​២០០​ម៉ែត្រ និង​ហែល​ទឹក​បណ្តាក់​សេរី ១០០X៤​ម៉ែត្រ​។

ផ្នែក​បុរស​ក្របខណ្ឌ​ក​២ មាន​៧​វិញ្ញ​សា រួមមាន​ហែល​ទឹក​សេរី ៥០​ម៉ែត្រ ហែល​ទឹក​សេរី ១០០​ម៉ែត្រ ហែល​ទឹក​កង្កែប​១០០​ម៉ែត្រ ហែល​ទឹក​ផ្ងារ ១០០​ម៉ែត្រ ហែល​ទឹក​មេអំបៅ​១០០​ម៉ែត្រ ហែល​ទឹក​៤​របៀប​ឯកត្តជន ២០០​ម៉ែត្រ និង​ហែល​ទឹក​៤​របៀប​បណ្តាក់ ១០០X៤​ម៉ែត្រ​។​ ​ចំណែក​ផ្នែក​នារី​ក្របខណ្ឌ​ក​១ មាន​៥​វិញ្ញ​សា រួមមាន​ហែល​ទឹក​សេរី ១០០​ម៉ែត្រ ហែល​ទឹក​កង្កែប​១០០​ម៉ែត្រ ហែល​ទឹក​ផ្ងារ ១០០​ម៉ែត្រ ហែល​ទឹក​មេអំបៅ​១០០​ម៉ែត្រ និង​ហែល​ទឹក​៤​របៀប​ឯកត្តជន​២០០​ម៉ែត្រ រីឯ​ផ្នែក​បុរស​ក្របខណ្ឌ​ក​១ មាន​៧​វិញ្ញ​សា រួមមាន​ហែល​ទឹក​សេរី ៥០​ម៉ែត្រ ហែល​ទឹក​សេរី​២០០​ម៉ែត្រ ហែល​ទឹក​សេរី​៤០០​ម៉ែត្រ ហែល​ទឹក​កង្កែប​១០០​ម៉ែត្រ ហែល​ទឹក​កង្កែប​២០០​ម៉ែត្រ ហែល​ទឹក​ផ្ងារ ១០០​ម៉ែត្រ ហែល​ទឹក​មេអំបៅ​១០០​ម៉ែត្រ និង​ហែល​ទឹក​៤​របៀប​ឯកត្តជន ២០០​ម៉ែត្រ​៕