សារអេឡិចត្រូនិច
OnePlus 5T អាច​ស្កេន​មុខ​ដោះ​សោ តម្លៃ​ថោក​ជាង iPhone X ពាក់​កណ្ដាល


យប់​មិញ​នេះ​ OnePlus 5T ដែល​ជា​អ្នក​​បន្ត​តំណែង OnePlus 5 បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ ជា​មួយ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន។ ចំណុច​ផ្លាស់​ប្ដូរ​ធំ​បំផុត​គឺ​នៅ​ត្រង់​រចនាបថ​ផ្ទៃ​អេក្រង់​ខាង​មុខ​ ដោយ​មាន​ស៊ុម​អេក្រង់​រាង​ស្ដើង​ដូច​ជា​ស្មាតហ្វូន​កំពូលៗ​ដទៃ​ទៀត​ដែរ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ OnePlus 5T មាន​ទំហំ​អេក្រង់​ដល់​ ៦,០១ អ៊ីញ តែ​មាន​ទំហំ​រូបរាង​ប្រហាក់​ប្រហែល​នឹង​ OnePlus 5 ដែល​មាន​អេក្រង់​ ៥,៥ អ៊ីញ​ដែរ។ OnePlus 5T ប្រើ​អេក្រង់​ AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080 x 2160។

ដោយ​សារ​តែ​មាន​ស៊ុម​អេក្រង់​ស្ដើង​ ហេតុ​នេះ​ប៊ូតុង​ Home ត្រូវ​បាន​ដក​ចេញ​ ហើយ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​នៅ​​ផ្នែក​ខាង​ក្រោយ​វិញ។ ចំណុច​ផ្លាស់​ប្ដូរ​ធំ​បន្ទាប់​គឺ​នៅ​លើ​កាមេរ៉ា​ខាង​ក្រោយ។ OnePlus 5 ជា​ស្មាតហ្វូន​ដំបូង​របស់​ក្រុមហ៊ុន​ដែល​មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ មាន​​ឡេន​​មេ​ជា​ប្រភេទ​ Wide-Angle និង​​ឡេន​មួយ​ទៀត​ជា​ប្រភេទ​ Telephoto។ ប៉ុន្តែ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​លើ OnePlus 5T ដោយ​មាន​​ឡេន​មេ​ជា​ប្រភេទ​ Wide-Angle ដដែល ​ទំហំ ១៦ MP​ និង​ឡេន​មួយ​ទៀត​ជា​ប្រភេទ​ Wide-Angle ដូច​គ្នា​ ប៉ុន្តែ​មាន​ទំហំ​ដល់​ ២០ MP។

ឡេន​ទី​ពីរ​នេះ​មាន​សមត្ថភាព​អាច​ត្របាញ់​​ភីកសែល​ចំនួន​ ៤ ទៅ​ជា​ភីកសែល​តែ​មួយ​បាន​ ដើម្បី​កាត់​បន្ថយ​ Noise ពេល​ថត​រូប​នៅ​ទី​ងងឹត។ ឡេន​​​ទាំង​ពីរ​គ្រាប់​នេះ​មាន​កម្រិត​ Aperture f/1.7 ដូច​គ្នា។ ក្រុមហ៊ុន​ OnePlus ​និយាយ​ថា​ ស្មាតហ្វូន​នេះ​​អាច​ដឹង​ពី​ស្ថានភាព​ងងឹត​បាន​ ហើយ​នឹង​ប្ដូរ​ប្រើ​​ឡេន​ទី​ពីរ​ដើម្បី​ថត​រូប​ពេល​ងងឹត។

ចំពោះ​ការ​ថត​ Portrait Mode ដែល​ជា​រូបភាព​ច្បាស់​មុខ​ ព្រាល​ក្រោយ​ នៅ​តែ​មាន​លើ​ OnePlus 5T ដដែល តាម​រយៈ​ការ​ប្រើ​ប្រាស់​ Software និង​រូបមន្ត​ដ៏​ឆ្លាត​វៃ។ OnePlus 5T ជា​ស្មាតហ្វូន​ដំបូង​របស់​ OnePlus ដែល​មាន​មុខងារ​ Face Unlock អាច​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ។ ប៉ុន្តែ​មុខងារ​នេះ​មិន​មែន​ស្កេន​ជា​លក្ខណៈ​ 3D ដូច​ជា​ iPhone X នោះ​ទេ ហេតុ​នេះ​កម្រិត​សុវត្ថិភាព​របស់​វា​នៅ​ខ្សោយ​នៅ​ឡើយ។

ក្រៅ​ពី​ចំណុច​ថ្មីៗ​ខាង​លើ​នេះ​ ចំណុច​ដទៃ​ទៀត​ដែល​មាន​លើ​ OnePlus 5 នៅ​តែ​បន្ត​មាន​លើ​ OnePlus 5T ដូច​ជា​បន្ទះ​ឈីប​ Snapdragon 835, RAM ទំហំ​ ៦ GB ឬ ៨ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB ឬ ១២៨ GB, ថ្ម​ទំហំ​ ៣៣០០ mAh និង​ រន្ធ​កាស​ 3.5 mm។

OnePlus 5T នឹង​ចេញ​លក់​​នៅ​ថ្ងៃ​ទី​ ២១ ខែ​វិច្ឆិកា​​នៅ​​ក្នុង​ប្រទេស​ជា​ច្រើន​លើ​សកល​លោក​ ដោយ​​នៅ​សហរដ្ឋអាមេរិក​ប្រភេទ​ RAM ៦ GB/ អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB មាន​តម្លៃ​ ៤៩៩ ដុល្លារ៕​​​​​​​​​