សារអេឡិចត្រូនិច
​ជប៉ុន​កំពុង​ពិនិត្យ និងដោះស្រាយ​បញ្ហា​​អ្នករត់​ភៀសខ្លួន ក្នុងករណី​សង្គ្រាម​ផ្ទុះឡើង​


ជប៉ុន​កំពុង​ពិនិត្យមើល​ផែនការ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ពួក​អ្នករត់​ភៀសខ្លួន​កូរ៉េខាងជើង​រាប់ម៉ឺន​នាក់​ក្នុងករណី​បើ​មាន​សង្គ្រាម​ផ្ទុះឡើង​នៅក្នុង​តំបន់​។

​ក្រុម​ជួយសង្គ្រោះ​នឹង​នាំយក​ទូក​ទាំងឡាយ​ដែល​ចេញ​មកពី​ឧបទ្វីប​កូរ៉េ ទៅដល់​កំពង់ផែ នៅ​មុនពេល​ពិនិត្យមើល​បុគ្គល​ទាំងឡាយ​អំពី​ប្រវត្តិ​នៃ​បទល្មើស​ឧក្រិដ្ឋ​ហើយ​និរទេស​នរណា​ដែល​ត្រូវបាន​ឃើញថា​ជាការ​គំរាមកំហែង​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​។​

​ផែនការ​ត្រៀម​ទទួល​ជនភៀសខ្លួន​នេះ​បានកើត​ឡើង ចំពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​ជប៉ុន​និង​កូរ៉េខាងជើង​។​
​ជប៉ុន​និង​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​សមយុទ្ធ​កងទ័ពជើងទឹក​រួមកា​ល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​១៦​វិច្ឆិកា​ នៅក្នុង​ការ បង្ហាញ​កម្លាំង​សំដៅទៅ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែលមាន​មហិច្ឆតា​នុយក្លេអ៊ែរ ដែល​ត្រូវបាន​លើកឡើង​មក​ជជែក​ពិភាក្សា​ដោយ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី កាលពីពេល​ថ្មីៗ​នេះ​។​ ​អ្នក​ទាំងឡាយ​ដែល​រត់​ភៀសខ្លួន​ចេញ​កូរ៉េខាងជើង​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​នេះ​(​ជប៉ុន​) គឺ​នៅតាម​មណ្ឌល​សង្គ្រោះ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​កាសែត Yomiuri ។​

​ក្នុងពេល​ជាមួយគ្នានេះដែរ សមយុទ្ធ​កងទ័ព​រួម​រយៈពេល​១០​ថ្ងៃ បាន​ប្រព្រឹត្តទៅ​នៅ​ដែនទឹក​ជុំវិញ​កោះ​អូ​គី​ណា​វ៉ា​នៅ​
​ប្រទេស​ជប៉ុន​ភាគខាងត្បូង ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ។ កងទ័ព​អាមេរិក​ចំនួន​១៤.០០០​នាក់ នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan មួយគ្រឿង និង​នាវា​ពិឃាត​ចំនួន​៣ គឺ​នាវា USS Stethem នាវា USS Chafee និង នាវា USS Mustin ដែល​ស្ថិតនៅក្នុង​ចំណោម​នាវាច​ម្បាំ​ង​ផ្សេងទៀត​បាន​ចូលរួម​សមយុទ្ធ​រួម​នេះ ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​អាមេរិក​៕