សារអេឡិចត្រូនិច
ស្លាក​និង​សកម្មភាព​ទាំងអស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ទាយមានជ័យ​ត្រូវបាន​បិទ​បញ្ចប់​


បន្ទាយមានជ័យ​៖ ​ស្លាក​សញ្ញា​គណបក្ស​គ្រប់​ប្រភេទ​និង​សកម្មភាព​ទាំងអស់​របស់​មន្ត្រី​ ឬ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ទាយមានជ័យ​ត្រូវបាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ​កាលពី​ថ្ងៃទី​១៨ ​វិច្ឆិកា​​ ឆ្នាំ​២០១៧​ គឺ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​តុលាការ​កំពូល​បានប្រកាស​សាលដីកា​​ស្ថាពរ​នោះ​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោកៗ​អាត់ ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ត្រូវគេ​បានឃើញ​ដឹកនាំ​កងកម្លាំង​​ចេញ​ធ្វើ​សកម្មភាព​ពេញ​១​យប់​ថ្ងៃទី​១៧​វិច្ឆិកា ចុះ​បក ផ្តួល រំលើង ដកហូត​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ប្រាប់​សារព័ត៌មាន​រស្មី​​ក​ម្ព​ជា​ថ្ងៃទី​១៨​វិច្ឆិកា​ថា​:​តាម​ផែនការ​គឺ​ស្លាក​សញ្ញា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​ទីសាធារណ​:​ត្រូវ​សមត្ថកិច្ច​កងកម្លាំង​ជា​អ្នក​ចុះទៅ​ផ្តួល ដកហូត បក យកចេញ រឹបអូស​។​ឯ​នៅតាម​ផ្ទះ​ឬ​មុខផ្ទះ​ត្រូវអោយ​ម្ចាស់​ទីនោះ​យកចេញ​ជាបន្ទាន់​។​

​លោក​និយាយ​បន្តថា :”​ផែនការ​គឺ​ការបញ្ចប់​អ្វីៗ​ជា​របស់​អតីត​គណបក្សប្រឆាំង​គឺ​ធ្វើ​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​”៕