សារអេឡិចត្រូនិច
កីឡាការិនីបាល់ទាត់ Special Olympics របស់កម្ពុជា ប្រចាំខេត្តបាត់ដំបង ឈ្នះមេដាយមាស


បាត់ដំបង៖ កីឡាការិនីបាល់ទាត់នារីខ្សោយសតិបញ្ញា៨រូប Special Olympics ប្រចាំខេត្តបាត់ដំបង បានជាប់ ចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស១គ្រឿង ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ក្របខណ្ឌអាស៊ានដែលមាន ប្រទេស ថៃធ្វើម្ចាស់ផ្ទះ ក្រោមការដឹកនាំដោយលោក លី ឌីនូរី អនុប្រធានអចិន្រៃ្តយ៍អនុគណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកខេត្តបាត់ដំបង តំណាងឲ្យគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

លោក លី ឌីនូរី បានបញ្ជាក់ថា កម្មវិធីប្រកួតក្រុមកីឡាការនីបាល់ទាត់នារី ផ្នែកខ្សោយសតិបញ្ញានៅទីក្រុងបាងកក ប្រទេសថៃ ក្នុងក្របខណ្ឌអាស៊ានចាប់ពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងថ្មីៗនេះ និងក្រុមកីឡាការិនីបាល់ ទាត់យើងបានត្រឡប់មកមាតុប្រទេសវិញហើយ ដោយនាំមកជាមួយនូវចំណាត់ថ្នាក់លេខ១ និងមេដាយមាស១ ជូនជាតិ។

នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ សូម្បីតែក្រុមនារីខ្សោយសតិបញ្ញាក៏មានលទ្ធភាពលេងកីឡាទទួលបាន លទ្ធផលល្អដែរ គឺមិនចាញ់ប្រទេសនានាក្នុងតំបន់នោះឡើយ។

លោកបានបន្តថា កីឡាការិនីក្នុងអាស៊ានទាំងអស់ គឺបានទទួលចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងនោះមាន កីឡាការិនីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ២ បានទៅលើព្រះរាជាណាចក្រថៃ និង លេខ៣ បានទៅលើប្រទេសហ្វីលីពីន៕