សារអេឡិចត្រូនិច
Toyota​ ប្រកាស​​ឈប់​ផលិត​ ​Prius​ ​មួយ​ម៉ូដែល​​នេះ​ចាប់​ពី​ឆ្នាំ​ ​២០១៨


ព័ត៌មាន​ច្បាស់​ការ​ពី​ក្រុមហ៊ុន​ ​Toyota​ ​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ ​រថយន្ត​ម៉ាស៊ីន​សាំង​ ពាក់​កណ្ដាល​អគ្គិសនី​ម៉ូដែល​ ​Prius V​ ​គឺ​នឹង​ត្រូវ​ឈប់​ផលិត​ចាប់​ពី​ឆ្នាំ​ ​២០១៨​ ​ហើយ​ជំនួស​មក​វិញ​ដោយ​ការ​សម្រុក​ចេញ​លក់​ ​RAV4​ ​ម៉ូដែល​ ​Hybrid។

Toyota RAV4​ ​ម៉ូដែល​ ​Hybrid​ ​បាន​ផ្ដើម​ជ្រៀត​ចូល​ជំនួស​ចំណែក​ទីផ្សារ​របស់​ ​Prius V​ ​តាំង​ពី​ឆ្នាំ​ ​២០១៦​ ​ហើយ​គិត​តួ​លេខ​លក់​រវាង​រថយន្ត​ទាំង​ ​២​ ​ម៉ូដែល​នេះ​ក្នុង​ឆ្នាំ​ ​២០១៧​ ​Toyota RAV4​ ​ម៉ូដែល​ ​Hybrid​ ​លក់​បាន​ ​៤៥ ០០០​ ​គ្រឿង​ ​ខណៈ​ ​Prius V​ ​លក់​បាន​តែ​ ​១៤ ៨០០​ ​គ្រឿង

ទោះ​ជា​ ​Toyota​ ​RAV4​ ​ម៉ាស៊ីន​ ​Hybrid​ ​មាន​តម្លៃ​ខ្ពស់​ជាង​ ​Prius V​ ​ប៉ុន្តែ​វា​នៅ​តែ​ទទួល​ការ​ពេញ​និយម​ច្រើន​ជាង​ ​ព្រោះ​តែ​រូបរាង​មាន​ភាព​ទាន់​សម័យ​ ​បូក​រួម​ទាំង​បរិក្ខារ​លេចធ្លោ​ ​ហើយ​នៅ​មាន​ម៉ាស៊ីន​ខ្លាំង​ដែល​ជាន់​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៨,៣​ ​វិនាទី​ ​ល្បឿន​អតិបរមា​ ​១៨៣​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ Prius V​ ​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ប្រើ​ពេល​ ​១០,៣​ ​វិនាទី​ ​ហើយ​ល្បឿន​អតិបរមា​ ​១៦៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ប្រភព៖ Carbuzz