សារអេឡិចត្រូនិច
ឯកឧត្តម ចាន់ ចេស្តា និយាយ​ពី​​ ចាន់ វឌ្ឍនាកា ជិត​ផុត​កុងត្រា​នៅ​ជប៉ុន


ពេល​កុងត្រា​របស់​តារា​កម្ពុជា​ ចាន់ វឌ្ឍនាកា ​នៅ​ក្លឹប​លីគ​ទី​៣​ជប៉ុន​ Fujieda MyFC នឹង​ផុត​នា​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាង​មុខ​នេះ ព័ត៌មាន​ជា​ច្រើន​បាន​លេច​​ចេញ​ថា មាន​ក្លឹប​មួយ​ចំនួន​នៅ​លីគ​តាម​បណ្តាល​ប្រទេស​អាស៊ាន​ចង់​បាន​រូប​គេ ហើយ​ក៏​មាន​ក្លឹប​មួយ​នៅ​តំបន់​អឺរ៉ុប​ចង់​បាន​រូប​គេ​ដែរ។ ទោះ​ជា​យ៉ាង​ណា អ្វី​ៗមិន​ទាន់​ច្បាស់​នោះ​ទេ។

កាល​ពី​ម្សិល​មិញ​ក្នុង​ពិធី​បើក​ការ​ប្រកួត​​លីគ​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ និង​១៦​ឆ្នាំ ​ព្រម​ទាំង​ជើង​ឯក​នារី​នៅ​ទី​រួម​ខេត្ត​កំពត ឯកឧត្តម ចាន់ ចេស្តា ឪពុក​របស់ ចាន់ វឌ្ឍនាកា និង​ជា​អភិបាល​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ទៅ​លេង​ក្លឹប​ជប៉ុន​​របស់ ចាន់ វឌ្ឍនាកា​គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក ក៏​ដូច​ជា​អ្នក​គាំទ្រ។ ក្រោយ​​ចប់​​កុង​​ត្រា​​ខ្ចី​​ជើង​​​​នៅ​​ជប៉ុន Fujieda MYFC លោក​​​មិន​​ទាន់​​ដឹង​​ច្បាស់​​ថា​ ​កូន​​ប្រុស​​របស់​​លោក​​ នឹង​​ទៅ​លេង​​ក្លឹប​​ណា​​នោះ​​ទេ។....តែ​សម្រាប់​ វឌ្ឍនាកា ​គឺ​ជា​យុវជន​របស់​ជាតិ មិនមែន​សម្រាប់​តែ​គ្រួសារ​របស់​លោក​នោះ​ទេ។

ឯកឧត្តម​​​​បញ្ជាក់​​ថា​ ​​​យ៉ាង​ណា​ការ​​ទទួល​​បាន​​ឱកាស​​ទៅ​​លេង​​ក្រៅ​​ប្រទេស​​​​គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​​វឌ្ឍនាកា​​ដើម្បី​អភិវឌ្ឍ​​ខ្លួន ការ​បង្កើន​សមត្ថភាព​ និង​បទ​ពិសោធ។ ទាំង​អស់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ជួយ​​ដល់​ជម្រើស​ជាតិ និង​ក៏​អាច​ចែក​រំលែក​​បទ​ពិសោធ​ និង​ចំណេះ​ដឹង​​ដល់​យុវជន​ជំនាន់​ក្រោយ​ផង​ដែរ។

ចាន់ វឌ្ឍនាកា នឹង​​ផុត​កុង​ត្រា​ខ្ចី​ជើង​ពី​ក្លឹប​ Fujieda MYFC ​នា​ដើម​​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ ​ហើយ​រូប​គេ នឹង​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ៕

ប្រភព៖ Sabay