សារអេឡិចត្រូនិច
រដ្ឋសភាលុបឈ្មោះតំណាងរាស្រ្ត និងជំនួយការCNRPជាង១០០នាក់ លែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ


លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រដ្ឋសភា ពេលនេះ បានសម្រេចលុបឈ្មោះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបាន បញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។

ការសម្រេចលុបឈ្មោះនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តុលាការកំពូលក៏បានប្រកាសហាម ឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

បើតាម លោក ឡេង ប៉េងឡុង, សម្ភារៈប្រើប្រាស់ ដូចជារថយន្តទំនើបៗ កុំព្យូទ័រ សម្ភារការិយាល័យ របស់អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ ក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋវិញដែរ។

សូមបញ្ជាក់ថា ក្រោយពេលរំលាយ នៅពេលនេះ ស្លាក បដា និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ នៅតាមបណ្តា រាជធានី ខេត្ត ត្រូវបានរុះរើ និងទម្លាក់ជិតអស់ហើយ ក្នុងនោះក៏មានស្លាកសញ្ញា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាច្រើនត្រូវបានសមាជិកបក្សនេះ ទម្លាក់ដោយខ្លួនឯងដែរ៕