បញ្ឈរជើងនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកៀនស្វាយ រឿងចាប់ឈើគ្រញូងជិត៤០តោន
ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ០៩:២៣
ការបង្ក្រាបឈើគ្រញូងជិត៤០តោននៅស្រុកកៀនស្វាយ កម្លាំងចម្រុះដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល រកពុំឃើញម្ចាស់ឈើខុសច្បាប់និងម្ចាស់ទីតាំងទេ ។ ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹង ក្រោយការបង្ក្រាបករណីដ៏អាថ៌កំបាំងនេះ ថ្នាក់លើបានបញ្ឈរជើងលោក អ៊ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកៀនស្វាយ រហូតមកទល់ពេលនេះ ។
រយៈពេលជិតបីខែហើយ ករណីចាប់ឈើគ្រញូងនិងធ្នង់ជិត៤០តោននៅស្រុកកៀនស្វាយ ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយគឺ ពុំទាន់រកឃើញម្ចាស់ឈើខុសច្បាប់នេះនៅឡើយទេ ។ ប៉ុន្តែទោះបីយ៉ាងណា លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានកោះហៅម្ចាស់ទីតាំងចូលបំភ្លឺជាលើកទីពីរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ថា ក្រោយចាត់ការតាមនីតិវិធីជាបន្តបន្ទាប់ លោកសូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ធ្លាប់កោះហៅម្ចាស់ទីតាំងចូលបំភ្លឺម្តងរួចមក ហើយកាលពីថ្ងៃទី២៧ ខែតុលា តែម្ចាស់ទីតាំងរូបនេះ ពុំបានបង្ហាញខ្លួនឡើយ ទើបពេលនេះតុលាការកោះហៅម្តងទៀត នៅថ្ងៃទី៣០ ខែវិច្ឆិកា ។ ទោះបីយ៉ាងណា អត្តសញ្ញាណម្ចាស់ទីតាំងរូបនេះ ពុំត្រូវបានប្រភពព័ត៌មានបញ្ជាក់ឱ្យដឹងនោះទេ ។
ឈើគ្រញូងនិងធ្នង់ជិត៤០តោន ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល រកឃើញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។ពេលនោះត្រូវបានប្រភពព័ត៌មាន អះអាងថា មានអ្នកអន្តរាគមន៍ជាច្រើន ហើយសូម្បីម្ចាស់ទីតាំងនិងម្ចាស់ឈើគ្រញូង ក៏អាជ្ញាធររកពុំឃើញដែរ ៕