សារអេឡិចត្រូនិច
Miss Global អាណត្តិ​ថ្មី សន្យា​ជួយ​ផ្សព្វផ្សាយសម្បត្តិ​វប្បធម៌​ខ្មែរ​​ ទៅ​កាន់ពិភពលោក


ក្រោយក្លាយជាម្ចាស់មកុដ Miss Global 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បវរកញ្ញា Barbara Vitorelli មកពី ប្រទេសប្រេស៊ីល បានសន្យាថា នឹងពាំនាំ ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ សម្បូរបែបនៃសម្បត្តិបេតិកភណ្ឌ សម្បត្តិ ធម្មជាតិ រួមនិងស្មាមញញឹមមិនអាចបំភ្លេចបានរបស់ប្រជាជនខ្មែរ ទៅប្រាប់ពិភពលោក និងប្រជាជនខ្លួន ឱ្យបាន ដឹង។

កញ្ញាបានបញ្ចាក់ថា ស្មាមញញឹមនៃប្រជាជន និងភាពសម្បូរបែបនៃសម្បត្តិវប្បធម៌កម្ពុជា ពិតជាដូចអ្វីដែលគេធ្លាប់ លើកឡើងពិតមែន។ កញ្ញាមិនជឿនោះទេ នៅពេលស្ដាប់មនុស្សមួយចំនួននិយាយពីកម្ពុជា ក៏ប៉ុន្តែពេលនេះកញ្ញាពិត ជាភ្ញាក់ភ្នែកក្រោយបានជួបពិតប្រាកដ។

កញ្ញាជឿជាក់ថា មិនត្រឹមតែបវរកញ្ញា ៥នាក់ ដែលបានក្លាយជាជយលាភីទេ ដែលមានអារម្មណ៍ដិតជាប់ជាមួយប្រជា ជនខ្មែរ និងភាពសម្បូរ​បែប នៃវប្បធម៌របស់ប្រទេសមួយនេះ។ បវរកញ្ញាទាំង ៦០រូបផ្សេងទៀត ក៏មានអារម្មណ៍ដូចគ្នា ហើយកញ្ញាជឿជាក់ថា ពួកគេនឹងនាំអ្វីដែលល្អៗបែបនេះ ទៅប្រាប់ប្រជាជនរបស់ពួកគេរៀងៗខ្លួន។

បវរកញ្ញា Barbara Vitorelli បានយកឈ្នះបវរកញ្ញាមកពី ៥៩ប្រទេសជុំវិញពិភពលោក ដើម្បីគ្រងមកុដ Miss Global 2017។ ដោយឡែកបវរកញ្ញា ៤នាក់ផ្សេងទៀត បានជាប់ក្នុងកម្មវិធីនេះមានដូចជា Tenielle Adderley លេខ២ មកពី បាហាម៉ា Selina Kriechbaum លេខ៣មកពី អាល្លឺម៉ង់ Ayan Said លេខ៤ មកពី សូម៉ាលីលែន និង Lily Wu លេខ៥មកពីប្រទេស ចិន ។

បវរកញ្ញាឯក Barbara Vitorelli គ្រងមកុដបន្តពីបវរកញ្ញាអេក្វាឌ័រ Angela Bonilla ដែលបានឈ្នះកាលពីឆ្នាំ ២០១៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕