សារអេឡិចត្រូនិច
Wing សហការ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​សម្រួល​ដល់​ការ​បង់​ភាគទាន


ធនាគារ​ឯកទេស​វីង (Wing) និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) បាន​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគ​យល់​គ្នា ស្ដី​ពី​ការ​បង់​ភាគទាន​មក ប.ស.ស ដើម្បី​ផ្ដល់​សេវាកម្ម​ហិរញ្ញ​វត្ថុ​ឲ្យ​កាន់​តែ​ងាយស្រួល និង​មាន​សុវត្ថិភាព ដល់​ក្រុមហ៊ុន អាជីវកម្ម សហគ្រិន និយោជក កាល​ពី​ព្រឹក​ម្សិលមិញ​ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា។

ភាព​ជា​ដៃគូ​នេះ Wing នឹង​បើក​ចំហ​សម្រាប់​អាជីវកម្ម​របស់​និយោជក ដើម្បី​សម្រួល​ដល់​ការ​បង់​ភាគទាន​តាម​ភ្នាក់ងារ Wing ប្រមាណ ៥០០០ កន្លែង​ទូទាំង​ប្រទេស ព្រម​ទាំង​ក្លាយ​ជា​ដំណោះ​ស្រាយ​ល្អ​សម្រាប់​ការ​បង់​ប្រាក់​បៀវត្ស។

ឯក​ឧត្ដម អ៊ុក សមវិទ្យា ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​នាយក ប.ស.ស បាន​និយាយ​ថា ប.ស.ស សម្លឹង​មើល​ឃើញ​ថា Wing ជា​ដៃគូ​ដែល​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព ទើប​សម្រេច​ចិត្ត​ចាប់​ដៃគូ ដើម្បី​ងាយ​ស្រួល​ដល់​កម្មករ និយោជិក ពេល​រង​គ្រោះថ្នាក់​ការងារ។

អត្ថប្រយោជន៍​របស់​និយោជក​សម្រាប់​ភាព​ជា​ដៃគូ​រវាង ប.ស.ស និង Wing មាន​ដូចជា៖

  • ងាយស្រួល លឿន ដល់​និយោជក​ដើម្បី​ផ្ទេរ​ភាគទាន​មក ប.ស.ស
  • ផ្ដល់​ប្រព័ន្ធ​មាន​សុវត្ថិភាព​ដល់​និយោជក​ដោយ​គ្មាន​ភាព​ស្មុគស្មាញ
  • អាច​ប្រើប្រាស់​បណ្ដាញ​ភ្នាក់ងារ​របស់ Wing ប្រមាណ ៥០០០ កន្លែង​ទូទាំង​ប្រទេស
  • ជាមួយ​កម្មវិធី Wing បម្រើ​សេវាកម្ម ២៤ ម៉ោង​ក្នុង​មួយថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍
  • មិន​​បាច់​រង់ចាំ​ធនាគារ​បើក​ទ្វារ មិន​បារម្ភ​ពី​ម៉ោង​ធ្វើការ ឬ​ខកខាន​តាម​កាល​បរិច្ឆេទ

លោក Ruan Swanapoel នាយក​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​អាជីវកម្ម Wing បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​នឹង​ពង្រីក​ទំនាក់​ទំនង​នៅ​ថ្ងៃ​អនាគត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ផ្ដល់​ដំណោះ​ស្រាយ​កាន់​តែ​មាន​ភាព​បត់បែន​ជាមួយ​លទ្ធផល​ដោយ​ចិរភាព”។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) មាន​ភារកិច្ច​ផ្ដល់​សន្តិសុខ​សង្គម​ជា​មូលដ្ឋាន​ជូន​កម្មករ និយោជិក​ទាំង​អស់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ឯកជន ដោយ​ចុះ​បញ្ជិកា​សមាជិក​ទទួល​ភាគ​ទាន​របស់​សមាជិក​នោះ គ្រប់​គ្រង​មូលនិធិ​នៃ​របប​ដំណើរ​ការ និង​ផ្ដល់​តាវកាលិក​ដល់​សមាជិក ឬ​អ្នក​នៅ​ក្នុង​បន្ទុក។ ព័ត៌មាន​បន្ថែម​ពី ប.ស.ស ចូល​ទៅ http://www.nssf.gov.kh និង​ពី Wing ចូល​ទៅ www.wingmoney.com  ឬ ០២៣ ៩៩៩ ៩៨៩ /០១២ ៩៩៩ ៤៨៩

ប្រភព៖ Sabay