សារអេឡិចត្រូនិច
ការ​ស្រឡាញ់​អន្ទង​ចិត្ត​ ចាន់​ សីហា​ ឲ្យ​ចូល​ប្រឡូក​គុន​ខ្មែរ​វិញ


អ្នក​ប្រដាល់​ជនជាតិ​បារាំង​ដែល​​ស្រឡាញ់​គុន​ខ្មែរ​ ចាន់​ សីហា​ ថា​នឹង​ចូល​ប្រឡូក​វិស័យ​កីឡា​ប្រដាល់​វិញ ក្រោយពីខក ខាន​ជា​ច្រើន​ឆ្នាំ ព្រោះ​ថា​នេះ​ជា​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត។​

កីឡាករ​ ចាន់​ សីហា​ បាន​ឲ្យ​ដឹង​ថា​ គេ​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប្រដាល់​វិញ​ ព្រោះ​នៅ​ពេល​បន្តិច​ទៀត​ វ័យ​កាន់​តែ​ចាស់​ទៅ​មិន​អាច​ឡើង​ប្រកួត​បាន​នោះ​ទេ។​  អាច​ថា​មក​ពី​និស្ស័យ​ ឬ​ចំណូល​ចិត្ត​ក៏​ថា​បាន​ដែរ​ ទើប​ចិត្ត​មិន​ដាច់​ពី​ប្រភេទ​កីឡា​ឈឺ​ខ្លួន​មួយ​នេះ។​

ជនជាតិ​បារាំង​រូប​នេះ​បន្ត​ថា​ ប្រកួត​លើក​ទី១​នៅ​ប៉ះ​កីឡាករ​ ម៉ានូអ៊ែល​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៨​ កន្លង​ទៅ​ ហាក់​ដូច​ជា​ពិបាក​បន្តិច​ដែរ​ ព្រោះ​ខាន​ឡើង​សង្វៀន​យូរ​ណាស់​ហើយ​ ដូច្នេះ​វ៉ៃ​គាំ​ៗ​ និង​កម្លាំង​រៀង​ហត់បន្តិច​នៅ​ទឹក​ទី៤។​ បើ​ទោះ​ជា​ហត់​ និង​ដូច​ជា​ចាប់​ផ្ដើម​ឡើង​វិញ​ក៏​ដោយ​ តែ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ ថា​មិន​អី​នោះ​ទេ​ ព្រោះ​មិន​បាន​ឡើង​វ៉ៃ​មែន​ តែ​លោក​បាន​ហ្វឹកហាត់​ជា​ប្រចាំ​ ហើយ​ការ​វិល​មក​កាន់​សង្វៀន​គុន​ខ្មែរ​លើក​នេះ​ អាច​នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ឡើង​វិញ​ដោយ​សារ​ការ​ខំប្រឹង​ហ្វឹកហាត់​ដូច​សព្វ​ថ្ងៃ។​

កីឡាករ​ ចាន់​ សីហា​ មក​ពី​ក្លឹប​ប្រដាល់​ ប្រកួត​គុន​ខ្មែរ​ គេ​បោះបង់​សង្វៀន​តាំង​ពី ​ឆ្នាំ​២០១៤​ មក​ម្ល៉េះ​ ទើប​តែ​ឡើង​ប្រកួត​វិញ​ហើយ​ផ្ដួល​កីឡាករ​ ម៉ានូអ៊ែល​ យក​ពាន​រង្វាន់​បាយ័ន​ កាល​ពី​ថ្ងៃ​សៅរ៍​ កន្លង​ទៅ​នេះ​ទៀត​ផង៕​

ប្រភព៖ Sabay