សារអេឡិចត្រូនិច
ប្រកួតជ្រើសរើសជើងឯកប្រដាល់គុនខ្មែរថ្នាក់ជាតិ នៅឃុំវិហារសួគ៌


សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី២៧ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ សហព័ន្ធទាំងពីរ នឹងរៀបចំសង្វៀនប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ រួមគ្នា នៅលើទឹកដីឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងតំបន់អភិវឌ្ឍន៍ 7NG ដើម្បីស្វែងរកធនធាន កីឡាករឆ្នើមៗ ត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចមិញថា នេះគឺ ជាលើកដំបូង ដែលសហព័ន្ធបានសម្រេចរៀបចំជើងឯកថ្នាក់ជាតិតាមខេត្ត ដោយចាប់ផ្ដើមពីខេត្តកណ្ដាល បន្ទាប់ពី  ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តច្បាប់ថ្មី ហើយផ្ដល់សិទ្ធិរៀបចំជើងឯកថ្នាក់ជាតិ ដល់សហព័ន្ធកីឡាជាតិ នានា រៀបចំដោយខ្លួនឯង។ លោករំពឹងថា ការរៀបចំកម្មវិធីប្រកួតតាមខេត្តនេះ ជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកលកាន់តែមានសក្ដានុពល និងរីកចម្រើនបន្ថែមទៀត។

ប្រធានសហព័ន្ធដដែលបន្ដថា ព្រឹត្តិការណ៍រយៈពេល ៤ថ្ងៃនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រស្ទើរទាំងស្រុងពីលោក ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG ដើម្បីផ្ដល់ភាពងាយស្រួលដល់កីឡាករមកពីបណ្ដាខេត្តនានា។ លើសពីនេះ ក្រោយបញ្ចប់បេសកកម្មរៀបចំជើងឯកថ្នាក់ជាតិលើទឹកដីខេត្តកណ្ដាល សហព័ន្ធនឹងបន្ដស្វែងរកខេត្ត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីរៀបចំបន្ដ ប៉ុន្ដែលោកមិនទាន់បង្ហាញអត្តសញ្ញាណខេត្ត ដែលត្រូវទទួល បានសិទ្ធិធ្វើម្ចាស់ផ្ទះជើងឯកថ្នាក់ជាតិប្រដាល់គុនខ្មែរ និងប្រដាល់សកលនេះនៅឡើយទេ។

ដោយឡែកលោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសគាំទ្រពេញទំហឹង ជុំវិញសកម្មភាពរបស់កីឡាប្រដាល់គុនខ្មែរ និងកីឡាប្រដាល់សកល ដោយលោកចង់ឲ្យកីឡាក្បាច់គុនបុរាណខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរមួយនេះ មាន ការរីកចម្រើនខ្លាំង ហើយឈានទៅប្រកួតប្រជែងលើឆាកអន្ដរជាតិកាន់តែច្រើន ពិសេសគឺការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាព និងទេពកោសល្យ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិពីមុនមក ច្រើនរៀបចំ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មិនធ្លាប់រៀបចំតាមខេត្ដដូច្នេះឡើយ។ ចំណែកចំនួនអ្នកចុះឈ្មោះចូលរួមលើ សង្វៀនក្នុងតំបន់អភិវឌ្ឍន៍ 7NG នាចុងខែនេះ គឺទទួលបានសរុប ១៣៧នាក់ហើយ ក្នុងនោះមានកីឡាករ-កីឡា ការិនីប្រដាល់គុនខ្មែរចំនួន ៨៥នាក់៕