សារអេឡិចត្រូនិច
ព្រឹក​នេះ​សម្តេច​ ហ៊ុន សែន ​ជួប​​ជាមួយ​កម្មករ និយោជិត ជាង​១​ម៉ឺន​នាក់​ ក្នុង​ខណ្ឌ​សែន​សុខ


សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ បន្ត​អញ្ជើញ​ចុះ​ជួប​​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៣.៥៦៥​នាក់ មកពី​រោងចក្រ​ចំនួន ២៥​ស្ថិតក្នុង​តំបន់ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ ​
​ជំនួប​សំណេះសំណាល​នៅថ្ងៃនេះ គឺជា​ជំនួប​សំណេះសំណាល​លើក​ទី​១៩​ហើយ ចាប់តាំងពី​ខែកញ្ញា​មក សរុប​មាន​កម្មករនិយោជិត​ប្រមាណ​​ជា​២០​ម៉ឺន​នាក់ មកពី​រោងចក្រ​ជិត ៦០០​រោងចក្រ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ការអញ្ជើញ​ចុះ​ជួប​ដោយផ្ទាល់​របស់​សម្តេច​ជាមួយ​កម្មករ និយោជិត​នេះ​មិនមែន ជា​រឿង​ចៃដន្យ​នោះ​​ឡើយ គឺជា​ការជួប​សំណេះសំណាល​មួយ ដើម្បី​ជំរុញ​គោលនយោបាយ​ឧស្សាហកម្ម ហើយក៏​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​កម្មករ និយោជិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​ផងដែរ​។

តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។

កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចបានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖

* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈ ពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវ ទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញ ប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។

* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ ប្រាក់នេះសម្រាប់ជួយដោះស្រាយ ជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។

* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។

* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន​អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។

ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេ ក៏បានព្យាយាមថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជា អនុស្សាវរីយ៍។ ក្រុមកម្មករ កម្មការិនី បានហៅដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបពួកគេដោយផ្ទាល់នេះ គឺជាការ យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមកម្មករ កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សាភ្ជាប់សុខទុក្ខ របស់​ប្រជាពលរដ្ឋជាមួយ​រូបសម្តេច។ កម្មករ កម្មការិនី មានជំនឿចិត្តថា តាមរយៈដំណើរចុះដោយផ្ទាល់របស់សម្តេច ទៅតាមរោងចក្រ នឹងធ្វើឲ្យវិស័យកាត់ដេរ និងជីវភាពរបស់កម្មករ កម្មការិនីផងដែរ នឹងកាន់តែល្អប្រសើរ៕