សារអេឡិចត្រូនិច
ចាប់ពីខែមករា ឆ្នាំ២០១៨ ប្រាក់ឧបត្ថម្ភមន្រ្តីរាជការកើនឡើងយ៉ាងគំហុក


តាម​អនុក្រឹត្យ​លេខ​១៩៤អនក្រ.បក ស្ដី​ពី ការ​កែប្រែ​និង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​មាតុភាព​ជូន​មន្ត្រី​រាជការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ជា​ស្ត្រី​ដែល​សម្រាល​កូន និង​ប្រាក់​ឧបត្ថម្ភ​បុណ្យ​សព​ជូន​គ្រួសារ​សព​មន្ត្រី​រាជការ មន្ត្រី​កម្មសិក្សា ​និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ដែល​ទទួល​មរណភាព​ នឹង​ត្រូវ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដូច​ខាង​ក្រោម​នេះ៖

  • តាម​មាត្រា៤ នៃ​អនុក្រឹត្យ​នេះ ប្រាក់​ឧបត្ថម្ភ​មាតុភាព​ជូន​មន្ត្រី​រាជការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ជា​ស្ត្រី​ដែល​សម្រាល​កូន​ត្រូវ​បាន​ដំឡើង​ពី​ចំនួន ៦០០ ០០០ (ប្រាំមួយ​សែន​) រៀល ទៅ​ចំនួន ៨០០ ០០០(ប្រាំបី​សែន) រៀល សម្រាប់​ការ​សម្រាល​កូន​មួយ។ ប្រាក់​ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បង្កើន​ទ្វេគុណ ឫ​ត្រីគុណ ឫ​ច្រើន​ជាង​នេះ​ជូន​មន្ត្រី​រាជការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ជា​ស្ត្រី​តាម​ចំនួន​កូន​ដែល​បាន​សម្រាល។
  • ចំណែក​មាត្រា៥ ​ប្រាក់​ឧបត្ថម្ភ​បុណ្យ​សព​ជូន​គ្រួសារ​សព​មន្ត្រី​រាជការ មន្ត្រី​កម្មសិក្សា ​និង​មន្ត្រី​ជាប់​កិច្ច​សន្យា​សម្រាប់​ធ្វើបុណ្យ​តាម​ប្រពៃណី ត្រូវ​បាន​ដំឡើង ដូច​ខាង​ក្រោម៖
  • ទទួល​មរណភាព​ដោយ​ជម្ងឺ​ធម្មតា​ត្រូវ​បាន​ដំឡើង​ពី ១ ២០០ ០០០ (មួយលានពីរសែន) រៀល ទៅ​ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល។
  • ទទួល​មរណភាព​ក្នុង​ពេល​បំពេញ​បេសកកម្ម​ ឫ​គ្រោះ​ថ្នាក់​ការងារ​ត្រូវ​បាន​ដំឡើង​ពី ១ ៥០០ ០០០ (មួយលានប្រាំសែន) រៀល ទៅ​ចំនួន ៤ ០០០ ០០០ (បួន​លាន​) រៀល។

ប្រាក់​ឧបត្ថម្ភ​ដែល​មាន​ចែង​ក្នុង​មាត្រា៤ និង​មាត្រា៥ ខាង​លើ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០១៨​តទៅ៕

ប្រភព៖ Sabay