សារអេឡិចត្រូនិច
​គ្រាប់​ស្លែងមានហាងឆេង! កសិករ​នាំគ្នា​មមាញឹក​ប្រ​មូលទិញ​គ្រាប់​ស្លែង


ទំនងជា​ប្លែកពី​កសិករ​ដទៃ ដោយ​រដូវ​​ប្រមូល​ផល​នេះ​កសិករ​ភាគ​ច្រើន​នាំគ្នា​ប្រ​មូល​ផល​ស្រូវ ​តែ​កសិករ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ទ្រាំង​ឯណេះ​វិញ​បែរជា​មាញឹក​ក្នុង​ការ​រកទិញ​ផ្លែ​ស្លែង​សម្រាប់​លក់​ទៅ​វិញ។

លោក នួន​ ពៅ ជា​កសិករ​វ័​យកណ្តាល​ម្នាក់​រស់​នៅ​ក្នុង​ឃុំសន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ ប្រាប់​Sabayថា ប្រជា​កសិករ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​នេះបានប្រកប​របរទិញ​គ្រាប់​ស្លែង​នេះ​ជាច្រើន​ឆ្នាំមក​ហើយ។ លោក​បន្តថា​គ្រាប់​ស្លែង​ដែលទិញ​ពី​ប្រ​ជា​ពល​រដ្ឋ​​គឺ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀត​ណា​ម ឬឈ្មួយ​ពី​ភ្នំពេញ​ក្នុង​តម្លៃ​៦ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​គ្រាប់​សើម ឬ​៩ ០០០​រៀល សម្រាប់​គ្រាប់​ស្ងួត។

លោក នួន​ ពៅ ឲ្យ​ដឹងទៀតថា រដូវ​កាល​ប្រ​មូល​ទិញ​គ្រាប់​ស្លែង​គឺ​មាន​តែខែ​វិច្ឆិកា និង​ខែ​ធ្នូ ហើយ​ក្នុង​មួយ​ឆ្នាំ​លោក​អាច​ប្រមូល ទិញ​បាន​រហូត​ដល់​ទៅ​២០​តោន។ លោក​ឲ្យ​ដឹងដែរថា​គ្រាប់​ស្លែង​នេះ​​អាច​យក​ទៅ​ផលិត​ជាថ្នាំ​សម្លាប់សត្វល្អិត ឬជា​ឱសថ​មួយចំនួនទៀត។​

ចំណែក​កសិករ​ដែល​ប្រ​បក​របរនេះ​ម្នាក់​ទៀត​គឺ លោក សុខ ហាន ឲ្យ​ដឹងថា​ ដើម្បី​ទិញ​គ្រាប់​ស្លែង​បាន​លោក​ត្រូវ​ទៅ​កក់​ម្ចាស់​ដើម​ស្លែង​តាំងពី​ពេល​ដែល​ស្លែង​ចាប់​ផ្តើម​ចេញ​ផ្កា​ម្លេះ។ បើ​មិន​ធ្វើ​ដូចនេះ លោក​ថា​កសិករ​ផ្សេង​នឹង​ទិញ​បាន​មុន​ជាមិន​ខាន។ ការ​ដើរ​ទិញ​គ្រាប់​ស្លែង​នេះ លោក​ថា​កសិករ​ខ្លះ​មិន​ត្រឹមតែទិញ​ក្នុង​ទឹក​ដីខេត្ត​តាកែវ​នោះទេ តែថា​បាន​ចេញ ទៅ​ទិញ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗផង​ដែរ។

សម្រាប់​តម្លៃ​ទិញពី​ម្ចាស់​ដើម​វិញ លោក សុខ ហាន​ ឲ្យ​ដឹងថាៈ «របៀប​ទិញ​គឺម៉ៅ​ទាំង​ដើម​ជួន​កាល​បើ​ដើម​ណា​មិន​សូវ​ផ្លែ​ម៉ៅ​៣០០០០រៀល ៥០០០០រៀល រហូត​ដល់​១០០ ០០០រៀលក៏មាន​ពេល​ខ្លះ​ទៀត​ត្រូវ​ទៅ​កក់​អ្នក​លក់​តាំង​ពី​ស្លែង​ទើប​ចេញ​ផ្កា​បើ​មិន​អ៊ីចឹង​ទេទិញ​មិន​ទាន់​គេ​ទេ​»។ ​ គួរ​បញ្ជាក់ថា​ស្លែង​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​ផ្លែ​គ្រាប់​មូលៗ​ប៉ុន​ផ្លែ​ពុទ្រា​ហើយ​មាន​រស​ជាតិ​ល្វីង​ដែល​កសិករ​តាម​ភូមិ​មួយ​ចំនួន​និយម​យក​គ្រាប់​មក​ធ្វើ​ជា​ថ្នាំ​ព្យា​បាល​ជំងឺ​ជា​ច្រើន​មុខ​តែ​វា​អាច​បណ្តាល​ឲ្យ​​ពុល​ស្លាប់​បាន​ប្រសិន​បើ​ប្រើ​ច្រើន​លើស​កម្លាំង​៕

ប្រភព៖ Sabay