សារអេឡិចត្រូនិច
​រឿង​ឈឺ​ចាប់​មួយ​របស់​លោក George Fan អ្នក​បង្កើត​ហ្គេម Plants Vs. Zombies


អ្នក​បង្កើត​ហ្គេម Super Meat Boy លោក Edmund McMillen បាន​ចែក​រំលែក​រឿង​ឈឺ​ចាប់​មួយ​របស់​លោក George Fan អ្នក​បង្កើត​ហ្គេម Plants Vs. Zombies ជាមួយ​ក្រុមហ៊ុន EA ដែលកើត​វិវាទ​គ្នារហូត​ដល់​មាន​ការ​បញ្ឈប់​ពី​ការងារ។

លោក Edmund McMillen បាន​និយាយ​ពី​ដំណើរ​រឿង​ថា ដំបូង​ឡើយ George បាន​បង្កើត​ហ្គេម​ល្បី​ឈ្មោះ Insaniquarium ហើយ​ទទួល​ការ​ចាប់​អារម្មណ៍​ដល់​ក្រុមហ៊ុន PopCap Games ហៅ​គាត់​ទៅ​ធ្វើ​ការ។ ភ្លាម​នោះ​គាត់​ក៏​មាន​ឱកាស​ចូលរួម​ជាមួយ​អ្នក​អភិវឌ្ឍ​ ២ រូប​ផ្សេង​ទៀត រហូត​បង្កើត​បាន​ហ្គេម Plants Vs Zombies ផ្ទុះ​ល្បី​ពេញ​ពិភពលោក​​អំឡុង​​ឆ្នាំ ២០០៩។​

នៅ​​ពាក់​កណ្ដាល​ឆ្នាំ ២០១១ ក្រុមហ៊ុន EA ក៏​ប្រកាស​ទិញ​ក្រុមហ៊ុន PopCap Games ក្នុង​តម្លៃ ៦៥០ លាន​ដុល្លារ។ ដំណាក់កាល​នេះ​ហើយ​ផ្ដើម​​ឲ្យ​កើត​មាន​បញ្ហា​ ស្រប​ពេល​ក្រុមហ៊ុន​អាមេរិក​មួយ​នោះ បញ្ជាក់​ដាច់ខាត​ថា​ហ្គេម Plants Vs Zombies 2 ដែល​វិវត្ត​នៅ​ឆ្នាំ ២០១៣ ត្រូវ​ប្រែ​សម្រួល​ទៅ​ជា​ប្រភេទ​ហ្គេម​ដែល​មាន​លក់ Items បង្ខំ​ឲ្យ​អ្នក​លេង​ប្រើ​លុយ​ផ្ទាល់​ខ្លួន​ ដើម្បី​បាន​កម្រិត​លេង​ខ្ពស់​ជាង​អ្នក​ឥត​ចំណាយ​លុយ Pay-to-win Systems និង Microtransactions (បច្ចុប្បន្ន​មាន​ក្នុង​ហ្គេម Vainglory, Mobile Legends ជាដើម) ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ George បដិសេធ​ដាច់​ណាត់​ រហូត​មាន​ជម្លោះ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ចាប់​តាំង​ថ្ងៃ​នោះ​មក។

រំឭក​ថា George Fan ជា​បុគ្គល​ម្នាក់​ដែល​មាន​គោលដៅ​បង្កើត​ហ្គេម​ប្រភេទ Free-to-play ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​មិន​ចង់​ឲ្យ​អ្នក​លេង​ចំណាយ​ថវិកា​ឡើយ។

ប្រភព៖ gamerevolution