សារអេឡិចត្រូនិច
និស្សិត​បញ្ចប់​ការ​សិក្សា​ម្នាក់ បាន​ប្ដឹង​សាកល​វិទ្យាល័យទា​ជាង ១​លាន​ដុល្លារ


និស្សិត​បញ្ចប់​ការ​សិក្សា​ម្នាក់ បាន​ប្ដឹង​សាកល​វិទ្យាល័យ Oxford ទា​សំណង​មួយ​លាន​ផោន​(ប្រមាណ ១,៣​លាន​ដុល្លារ​) ដោយ​សារ​មិន​អាច​ទទួល​បាន​សញ្ញាប័ត្រ​កម្រិត​ល្អ។ លោក Faiz Siddiqui បាន​អះ​អាង​ថា​លោក​គឺ​ជា "ជន​រង​គ្រោះ​នៃ​ការ​បង្រៀន​មិន​ល្អ" ដែល​ធ្វើ​ឲ្យ​លោក​បាត់​បង់​ឱកាស​ទទួល​បាន​អាជីព​ជា​មេធាវី​ពាណិជ្ជកម្ម​អន្តរជាតិ ជា​អាជីព​អាច​រក​កម្រៃ​បាន​ច្រើន។

និស្សិត​រូប​នេះ​បាន​ចោទ​ប្រកាន់​ថា​ការ​បង្រៀន​មិន​គ្រប់​គ្រាន់​នៅ​លើ​មុខវិជ្ជា​ផ្នែក​ពិសេស​របស់​ឥណ្ឌា​ដែល​ធ្វើ​ឲ្យ​លោក​​ទទួល​បាន​សញ្ញាប័ត្រ​កម្រិត​​ទី២ នៅ​ពេល​ប្រឡង​បញ្ចប់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០០ និង​បាន​ចោទ​ប្រកាន់​ថា​បុគ្គលិក​បាន​អវត្តមាន​នៅ​ពេល​ធ្វើ​ការ​ស្រាវ​ជ្រាវ ហើយ​គ្រូ​ម្នាក់​មិន​បាន​បញ្ជូន​ព័ត៌មាន​វេជ្ជ​សាស្ត្រ​របស់​លោក​ទៅ​កាន់​អ្នក​ត្រួត​ពិនិត្យ។

នៅ​តុលាការ​ជាន់​ខ្ពស់​ទីក្រុង​ឡុង​កាល​ពី​ថ្ងៃ​អង្គារ​ លោក​មេធាវី Roger mallalieu បាន​ប្រាប់​ចៅក្រម​ថា​លោក Siddiqui ត្រូវ​បាន​ជំរុញ​ឲ្យ​បញ្ចប់​បរិញ្ញាបត្រ​ដើម្បី​អាច​ធ្វើ​ការ​នៅ​ការិយាល័យ​មេធាវី​នៅ​អង់គ្លេស ឬ នៅ​ការិយាល័យ​ច្បាប់​ដ៏​ធំ​នៅ​សហរដ្ឋ​អាមេរិក។ ការ​ទទួល​បាន​សញ្ញាប័ត្រ​កម្រិត​ទី​២​នៅ​សកលវិទ្យាល័យ Oxford អាច​ជា​ជោគ​ជ័យ​មួយ​ដ៏​ធំ​ធេង​សម្រាប់​មនុស្ស​ភាគ​ច្រើន ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ​សម្រាប់​លោក Siddiqui។ ការ​បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​លោក​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ និង​គេង​មិន​លក់។

យ៉ាង​ណា​មិញ ខាង​សកល​វិទ្យាល័យ Oxford និយាយ​ថា​ការ​ចោទ​ប្រកាន់​របស់​លោក Siddiqui គឺ​ជា​ការ​គិត​ទុក​និង​បង្កើត​ឡើង​ដោយ​គំនិត​រវើរវាយ​ប៉ុណ្ណោះ។ សាកលវិទ្យាល័យ បាន​បដិសេធ​ចំពោះ​ការ​ធ្វេស​ប្រហែស​របស់​ខ្លួន ហើយ​បាន​និយាយ​ថា​ករណី​នេះ​ត្រូវ​បាន​លើក​ឡើង​ហួស​ពេល​វេលា​ស្រប​ច្បាប់​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សវនាការ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​នឹង​ប្រព្រឹត្ត​ឡើង​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​វាយ​តម្លៃ​ការ​ខូច​ខាត ប្រសិន​បើ​លោក Siddiqui ឈ្នះ​ក្ដី​ក្នុង​ករណី​នេះ។ ប៉ុន្តែ ករណី​នេះ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​មក​ដល់​សព្វ​ថ្ងៃ៕