សារអេឡិចត្រូនិច
ស្ត្រីជនជាតិជប៉ុនសម្លាប់កូនបួននាក់ ដោយសារមិនមានលទ្ធភាពចិញ្ចឹមពួកគេ


ស្ត្រីជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានទៅសារភាពនៅប៉ុស្តិ៍ប៉ូលិស ថាខ្លួនបានសម្លាប់កូនចំនួន ៤នាក់ របស់ខ្លួនកាលពីជាង ២០ឆ្នាំមុន ដោយសារមិនមានលទ្ធភាពចិញ្ចឹមពួកគេ។ Mayumi Saito វ័យ ៥៣ឆ្នាំ កាលពីថ្ងៃ អាទិត្យបានទៅប៉ុស្តិ៍ប៉ូលិសទីក្រុង Osaka ដើម្បីប្រាប់សមត្ថកិច្ចអំពីរឿងខ្លួនសម្លាប់កូនង៉ែតទាំងបួនកាលពីឆ្នាំ ១៩៩២។ នាពេលនោះ ដោយសារក្រពេកគ្មានលទ្ធភាពចិញ្ចឹមកូនទាំងបួន ទើបស្ត្រីរូបនេះបានសម្លាប់ពួកគេ ដោយ យកទៅកប់ក្នុងធុងដែលផ្ទុកពេញទៅដោយស៊ីម៉ង់។ មូលហេតុដែលមកសារភាពព្រោះខ្លួនមានវិប្បដិសារីនឹងទោសកំហុសខ្លាំងពេក។

ក្រោយពីដឹងហេតុការណ៍ ប៉ូលិសបានចុះឆែកឆេរ កន្លែងនាងស្នាក់នៅ ហើយក៏ប្រទះឃើញឆ្អឹងមនុស្សនៅក្នុងធុង ស៊ីម៉ង់ពិតប្រាកដមែន។ កាលពីថ្ងៃច័ន្ទ Mayumi Saito ត្រូវបានប៉ូលិសចាប់ខ្លួន ដោយជាប់ចោទពីបទបោះបង់សព កូនក្មេង។ ប៉ូលិសកំពុងស៊ើបអង្កេតបន្តដើម្បីដឹងអំពីមូលហេតុពិតប្រាកដដែលក្មេងទាំងនេះស្លាប់។

បើទោះជាជប៉ុនជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់លេខ៣ក្នុងពិភពលោកក៏ដោយ ភាពក្រីក្រនៅតែជាបញ្ហាប្រ ឈមជាពិសេសសម្រាប់ស្ត្រី។ សេវាកម្មសង្គមដូចជា ការប្រឹក្សាយោបល់ទាក់ទងនឹងការចិញ្ចឹមកូន និងបញ្ហាតានតឹង ផ្លូវចិត្ត នៅតែមានខ្វះខាតនៅឡើយ ក្នុងប្រទេសអាស៊ីខាងកើតមួយនេះ៕

ប្រភព៖ Metro