សារអេឡិចត្រូនិច
ឆ្នាំ​នេះ​មូលនិធិ​តូយ៉ូតា​ផ្ដល់​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​កើន​ជាង​ឆ្នាំ​មុន​ៗ


ក្រុមហ៊ុន​តូយ៉ូតា​បាន​ប្រគល់​មូលនិធិ​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២២នេះ ដែលទឹកប្រាក់​កើន​លើស​ឆ្នាំ​មុន​ៗ។

លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុម​ហ៊ុន តូយ៉ូតា (ខេមបូឌា) និង​លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក​ក្រុម​ហ៊ុន​ព្រម​ទាំង​គណៈប្រតិភូ​ដទៃ​ទៀត​បាន​នាំ​យក​ថវិកា​មូលនិធិ​ចំនួន ៤៦ ៧៣៣ ដុល្លារ​អាមេរិក ទៅ​ជូន​លោក Denis Laurent អនុប្រធាន​មូលនិធិ និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា។

ថវិកា​ទាំង​នេះ​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី តូយ៉ូតា​ក្លាស៊ិក កាល​ពី​ថ្ងៃ២១ ខែតុលា ឆ្នាំ២០១៧ កន្លង​ទៅ និង​បាន​ពី​មូលនិធិ​សប្បុរស​ធម៌​របស់​ក្រុមហ៊ុន​តូយ៉ូតា​ផ្ទាល់។ ថវិកា​ទាំង ៤៦ ៧៣៣ ដុល្លារ​អាមេរិក​នេះ បានមកពីថវិកា​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​និង​មូលនិធិ​ផ្សេង​ៗ ចំនួន២៣ ៧៣៣ ដុល្លារ​អាមេរិក និងទឹក​ប្រាក់​ចំនួន ២៣ ០០០ ដុល្លារ​អាមេរិក បាន​ពី​ការ​បរិច្ចាគ​ផ្ទាល់​របស់​ក្រុម​ហ៊ុន តូយ៉ូតា (ខេមបូឌា)។

បើ​តាម​នាយក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ប្រចាំ​ក្រុង​ភ្នំពេញ​លោក គី សាន់ទី បាន​ប្រាប់ Sabay ថា មន្ទីរពេទ្យទទួលបាន មូលនិធិ​ពីគន្ធ​បុប្ផា​នៅ​ស្វីស មូលនិធិ​សប្បុរសធម៌​បរិច្ចាគ​ក្នុង​ស្រុក មាន​ទាំង​តូច​ទាំង​ធំ ដែល​ចេញ​ពី​ប្រជា​ជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ រួម​មាន​ព្រះ​សង្ឃ​មន្ត្រី​រាជការ ក្រុមហ៊ុន​នានា មូលនិធិ​ផ្សេង​ៗ រហូត​ដល់​ប្រជា​ពលរដ្ឋ​ធម្មតា​មាន​ចំនួន​ប្រមាណ​ជាង ៣ ០០០ ០០០ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ នេះ​បើ​គិត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ សម្រាប់​មូលនិធិ​ដែល​បាន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជិត​១៥ ០០០ ០០០​ដុល្លារ​អាមេរិក។ ចំពោះ​ការ​ចំណាយ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​មូល​ប្រហែល​ប្រមាណ ៤០ ០០០ ០០០ ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​ៗ។

“មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទទួល​បាន​មូលនិធិ​សប្បុរសធម៌​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន ដូច​ជា​មក​ពី​ប្រទេស​ស្វីស ពី​សប្បុរសធម៌​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ប្រជា​ជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស តែ​ភាគ​ច្រើន​បាន​ពី​ប្រជាពលរដ្ឋ​ស្វីស​តែ​ម្ដង”។

នេះ​ជា​លើក​ទី៤​ហើយ​ដែល​ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) បាន​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។ កាល​ពី​ឆ្នាំ២០១៤ ក្រុម​ហ៊ុន​នេះ​បាន​ប្រគល់​ថវិកា​សប្បុរសធម៌​ចំនួន ២៣ ១៣០ ដុល្លារ​អាមេរិក ឆ្នាំ២០១៥ មាន​ចំនួន ៤០ ១៣០ ឆ្នាំ២០១៦ មាន​ចំនួន ៤៣ ៦៦៨ និង​ឆ្នាំ២០១៧​នេះ ថវិកា​សប្បុរសធម៌​មាន​ចំនួន ៤៦ ៧៣៣ ដែល​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។

ប្រភព៖ Sabay