សារអេឡិចត្រូនិច
CL ​ស្រក់ទឹកភ្នែក​ទៀត ពេលនិយាយពីការ​រំសាយ​ក្រុម 2NE1 លើកដំបូង​


កន្លង​មក​ CL តារា​លំដាប់​កំពូល​របស់​ K-Pop ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ទាក់ទង​នឹង​ការ​បែកបាក់​របស់​ក្រុម​ចម្រៀង​ 2NE1 ប៉ុន្តែ​ថ្មីៗ​នេះ​ នាង​បាន​រម្លឹក​រឿង​នេះ​ជា​ថ្មី​រហូត​ធ្វើ​ឲ្យ​នាង​ក្ដុកក្ដួល​រហូត​ស្រក់ទឹកភ្នែក​ទៀត។

កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា​ម្សិលមិញ ទូរទស្សន៍​ tvN បាន​បង្ហាញ​ឃ្លិប​ខ្លីៗ​របស់​កម្មវិធី​ "Livin' the Double Life” ដែល​ជា​កម្មវិធី​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ Taeyang (សមាជិកក្រុម​ BIGBANG), Oh Hyuk រួម​ជាមួយ​ CL ផងដែរ។

ក្នុង​ចំណោម​ឈុត​ខ្លីៗ​ក្នុង​វីដេអូ​នោះ​ CL បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ធំ​ពី​អ្នក​ទស្សនា​ ព្រោះ​ក្នុង​នោះ​ នាង​បាន​និយាយ​ពី​ជីវិត​លើ​ទឹកដី​រដ្ឋ California និង​ការ​រំសាយ​ក្រុម​របស់​ក្រុម​ 2NE1 ជា​លើក​ដំបូង​បង្អស់​តាម​រយៈ​កម្មវិធី​ទូរទស្សន៍។

ដំបូង​នាង​និយាយ​ថា៖ "ជា​ការ​ពិត ខ្ញុំ​ពិតជា​រវល់​ណាស់​សព្វថ្ងៃ​នេះ។ មាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ស្ទីល​តុបតែង​ខ្លួន​ការ​ផាត់មុខ និង​តន្ត្រី​របស់​ខ្ញុំ ប៉ុន្តែ​តាម​រយៈ​កម្មវិធី​នេះ​ ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពួកគេ​នូវ​អ្វី​ដែល​ជា​ធាតុ​ពិត​របស់​ខ្ញុំ តើ​ខ្ញុំ​រស់​នៅ​របៀប​ម៉េច”។

ក្រោយ​ទៀត​ នាង​ក៏​ចាប់​ផ្ដើម​និយាយ​ពី​ការ​បែកខ្ញែក​នៃ​ក្រុម​ 2NE1៖"សម្រាប់​ខ្ញុំ​ វា​ពិតជា​រឿង​មួយ​ដែល​ពិបាក​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​វា​ពិបាក​ដល់​ម្ល៉ឹង”។ មកដល់​ត្រឹម​នេះ​ CL ស្រាប់​តែ​អួល​ដើមក​ យំ​តែ​ម្ដង និង​បន្ថែម​សម្ដី​ចុង​ក្រោយ៖ "ខ្ញុំ​ចង់​ឲ្យពួកយើង​បន្ត​ទៅ​មុខ​រហូត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ខ្ញុំ​ចង់​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ”។

កម្មវិធី​ទូរទស្សន៍​ នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ លើ​កញ្ចក់ទូរទស្សន៍ tvN នៅ ថ្ងៃ​ព្រហស្បតិ៍​នេះ​ វេលា​ម៉ោង​ ១១យប់ (ម៉ោង​នៅ​ប្រទេស​កូរ៉េ)៕

ប្រភព៖ kstarlive