សារអេឡិចត្រូនិច
សាលា​កុមា​រគ​ថ្លង់​ខេត្តកំពង់ចាម​ អំពាវនាវ​សប្បុរសជន​ជួយ​ឧបត្ថម្ភ


កំពង់ចាម​៖ ​សាលា​កុមារ​ពិការភ្នែក​ ឬ​កុមារ​គ​ថ្លង់​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​សប្បុរស​ជន ​និង​ស្ថាប័នរដ្ឋ​មួយ ចំនួន​ឲ្យ​ជួយឧបត្ថម្ភ​អគារ​សម្រាប់​ស្នាក់នៅ​,​សេវា​សុខភាព​,​សម្ភារ​:​និង​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្មភាព​របស់ខ្លួន​ដែល​កំពុងតែ​ជួប​ការខ្វះខាត​។​

​លោក ​កែវ​ ផ​ល្លី​ នាយក​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​កំពង់ចាម​បាន​ឲ្យ​ដឹងថា ​ថ្មីៗ​នេះ​លោក​បាន​អំពាវនាវ​ដល់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ​ឲ្យ​ជួយផ្តល់​សេវា​សុខភាព​បន្ថែមទៀត​ដល់​កុមារ​គ​ថ្លង់​និង​បុគ្គលិក​។ ​ជាមួយ​នោះ​ក៏បាន​អំពាវ​នាវ​ទៅដល់​សប្បុរសជន​,​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ឲ្យ​ជួយឧបត្ថម្ភ​អង្ករ​មួយ​តោន​ក្នុង​មួយខែ​ដើម្បី​បំពេញ​ការខ្វះខាត​។​ក្រៅពីនោះ​ជួយផ្តល់​ថវិកា​សម្រាប់​ទូទាត់​ថ្លៃ​ទឹក​ដែល​ក្នុង​មួយខែ​ត្រូវ​ចំណាយ​ជិត​មួយ​លាន​រៀល​ និង​សូម​សម្តេច​តេ​ជោ​ហ៊ុនសែន​ជួយ​អគារ​ស្នាក់នៅ​មួយ​ខ្នង​សម្រាប់​សិស្ស​ស្នាក់នៅ​។​ ​

​លោក​បន្តថា​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​នេះ​កាលពី​ថ្ងៃទី​២១ ​វិច្ឆិកា​ ​២០១៧ ​ក្នុងឱកាស​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​កុមារ​គ​ថ្លង់​នោះ​លោក ​ចាយ​ បូ​រិ​ន ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​បានផ្តល់​នូវ​អង្ករ​ចំនួន​មួយ​តោន​សម្រាប់​ខែវិច្ឆិកា ​២០១៧​នេះ​។​

ប៉ុន្តែ​នៅ​ខែ​បន្ទាប់​មិនទាន់មាន​សប្បុរសជន​ណា​សន្យា​ជួយ​នៅឡើយ​ទេ​។​រីឯ​ថ្លៃ​ភ្លើងអគ្គិសនី​ចំនួន​៧០​ម៉ឺន​រៀល​និង​ថ្លៃ​ទឹក​២០​ម៉ឺន​រៀល​ទៀត​។​ក្នុង​មួយខែ​នោះ​កន្លងមក​គឺ​ខាង​ប្រធាន​អង្គភាព​អគ្គិសនី​កំពង់ចាម​ជា​អ្នក​ជួយ​បាន​ត្រឹម​ខែ កក្កដា​ ឆ្នាំ​២០១៧​។ ​ដោយឡែក​នៅ​ខែ​បន្តទៀត​នោះ​ គឺ​អត់​មាន​អ្នក​ជួយឧបត្ថម្ភ​ ​ដែល​ធ្វើ​ឲ្យ​សាលា​ជួប​ការលំបាក​យ៉ាងខ្លាំង​។​ ​

​លោក​កែវ​ ផល្លី​ បន្ថែមថា​សាលា​កុមារ​ពិការភ្នែក​ ឬ​កុមារ​គ​ថ្លង់​កំពង់ចាម​ ស្ថិតក្នុង​ចំណោម​សាលា​កុមារ​ពិការភ្នែក​ឬ​កុមារ​គ​ថ្លង់​ចំនួន​៥​ផ្សេងទៀត​មាន​ទីតាំងនៅ​ភ្នំពេញ​ថ្មី​,​ច្បារអំពៅ​,​ខេត្តសៀមរាប​ និង​ខេត្តបាត់ដំបង​របស់​អង្គការ​គ្រួសារ​ថ្មី ​ដែល​បាន​បង្កើតឡើង​ដោយ​លោក​បឺ​ណ័​រ​ឌុយ​សា​តូ​-​អា​ម៉ាំង​ហ្សុ​ង​(BENOITDUCHATEAUAMINJON)​ជា​ជនជាតិ​បារាំង​កាលពី​ឆ្នាំ​១៩៩១​។​
ដោយឡែក​សាលា​កុមារ​ពិការភ្នែក​ឬ​កុមា​រគ​ថ្លង់​កំពង់ចាម​មាន​ទីតាំងនៅ​ក្រុង​កំពង់ចាម​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦​ ដោយ​ទទួល​សិស្ស​ពិការមកពី​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​។​
​ ​
​លោក​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​មាន​សិស្ស​សរុប​ចំនួន​១៩៧​នាក់​,​ស្រី​ចំនួន​៧៧​នាក់​។​សិស្ស​ពិការ​ភ្នែកមាន​ចំនួន​៦០​នាក់​និង​សិស្ស​គ​ថ្លង់​ចំនួន​១០៣​នាក់​។​នៅក្នុង​នោះ​មាន​បុគ្គលិក​សិក្សា​ចំនួន​៣៧​នាក់​,​ស្រី​ចំនួន​១៤​នាក់​។​មាន​អគារ​សរុប​៧​ខ្នង​សង់​លើដី​ទំហំ​ទទឹង​៥៤​ម៉ែត្រ​និង​បណ្តោយ​៩០​ម៉ែត្រ​។​អគារសិក្សា​ចំនួន​២​ខ្នង​បច្ចុប្បន្ន​ដោយ​សិស្ស​បាន​កើនឡើង​សាលា​បាន​ដក​មួយ​ខ្នង​សម្រាប់​ធ្វើជា​អគារ​ស្នាក់នៅ​ហើយ​មួយ​ខ្នង​នេះ​ទៀត​កំពុង​ចាស់​ទ្រុឌទ្រោម​យ៉ាងខ្លាំង​ទៅហើយ​។​
​លោកនាយក​សាលា​គ​ថ្លង់​បាន​ឲ្យ​ដឹងថា​កន្លងមក​ចំពោះ​កុមារ​ពិការភ្នែក​សាលា​បាន​បង្រៀន​ពី​អក្សរ​ស្ទាប​ហើយ​កុមារ​ដែល​មិនសូវ​ពិការភ្នែក​ខ្លាំង​នោះ​សាលា​បាន​បង្រៀន​ឲ្យ​ប្រើ​វែ​នតា​និង​កញ្ចក់​កែវ​យិ​ត​។​រីឯ​កុមា​រគ​ថ្លង់​បង្រៀន​ពី​ភាសា​កាយវិការ​និង​អក្សរសាស្ត្រ​ជាតិ​។​មកដ​ល់​ពេលនេះ​មាន​កុមារ​ពិការភ្នែក​និង​កុមា​រគ​ថ្លង់​ចំនួន​២៣​នាក់​ហើយ​បាន​ចេញពី​សាលា​នេះ​ទៅ​រៀន​នៅតាម​សកល​វិទ្យាល័យ​នានា​។​

ការងារ​បណ្តុះបណ្តាល​ចំណេះវិជ្ជា​ដល់​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នេះ​គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ជួយ​រំលែក​នូវ​ទុក្ខលំបាក​ដល់​សង្គម​។​​ដូច្នេះហើយ​បាន​សាលា​ខំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ និង​សប្បុរសជន​មេត្តាជួយ​ឧបត្ថម្ភ​ជា​សម្ភារ​:​​និង​ថវិកា​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សាលា​គ​ថ្លង់​នេះ​ឲ្យ​មានលទ្ធភាព​អាច​ដំណើរ​ការជួយ​ដល់​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​បាន​បន្ត​ទៅមុខទៀត​៕