សារអេឡិចត្រូនិច
សហគម​ន៍​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ជំរុញការដាំដុះ​សណ្តែក​ផ្កាយ​នៅ​រុន​តា​ឯក


សៀមរាប​: តំណាង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា លោក​វេជ្ជបណ្ឌិត ឃី លាង កាលពី​ថ្ងៃទី​២១​ខែវិច្ឆិកា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​លើ​កិច្ចព្រមព្រៀង​បង្កើន​ការដាំ​ដំណាំ​កសិកម្ម​និង​ទទួល​ទិញ​សណ្តែក​ផ្កាយ​ពី​ប្រជា ពលរដ្ឋ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

លោក អ៊ឹង តុង​អៀង មន្ត្រី​សម្របសម្រួល​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក នៃ​អាជ្ញាធរ​អប្សរា​ឱ្យដឹងថា សណ្តែក​ផ្កាយ​ជា​ដំណាំ​មួយ​ប្រភេទ​មានការ​លំបាក​ក្នុងការ​បណ្តុះ​កូន​ដាំ តែ​មិនមែនជា​រុក្ខជាតិ​ពិបាក​ដាំ​ទេ គឺ​គ្រាន់តែ​ជីកដី​ជម្រៅ​៣​តឹក ៤​ជ្រុង លាយ​ជី​លាមក​សត្វ ជី​អង្កាម និង​ដីដំបូក ហើយ​ដាក់​ដាំ​ជាការ​ស្រេច​។

ប៉ុន្តែ​រុក្ខជាតិ​នេះ​ពិបាក​ក្នុងការ​ថែទាំ​បន្តិច គឺ​មិន​ត្រូវការ​ទឹក​ច្រើនពេក​និង​ក្តៅ​ពេក ព្រោះ​វា​អាចធ្វើឱ្យ​វា​ស្លាប់​បាន ពិសេស​នៅក្នុង​ខែ​ខែមេសា គឺ​ពិបាក​ក្នុងការ​ថែទាំ​បំផុត​ដោយសាររលក​កម្តៅ​ខ្ពស់​។ លោកបន្តថា បច្ចុប្បន្ន​ការដាំដុះ​សណ្តែក​ផ្កាយ​នៅ​រុន​តា​ឯក គឺមាន​ចំនួន​៤​ហិកតា ដោយ​ប្រជាពលរដ្ឋ​១៨​គ្រួសារ​។ ត្រឹម​រយៈពេល ៧​ទៅ ៩​ខែ​នឹង​ទទួលផល​បាន​ហើយ អាស្រ័យ​ទៅតាម​ដី និង​ការថែទាំ​។ វា​មាន​រយៈពេល​ប្រមូល​ផល​រហូតដល់​ទៅ​២០​ទៅ​៣០​ឆ្នាំ​ឯណោះ​។

លោក​វេជ្ជបណ្ឌិត ឃី លាង ដែលជា​ប្រធាន​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រចាំខេត្ត​កោះកុង ក៍​បានលើកឡើង​ដែរ​ថា ការចុះ​អនុស្សារណៈ​នេះ គឺ​ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​នៅទីនេះ​ឱ្យ​កាន់តែ​ប្រសើរ ព្រោះ​ទីនេះ​មាន​ទីតាំង​ល្អ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ហើយ​មិន​ប្រើ​គីមី​ក្នុង​ការដាំដុះ​ដែល​ធ្វើឱ្យ​ផលិតផល​មានតម្លៃ​ថ្លៃ​ពេល​ចូល ក្នុង​ទីផ្សារ​សហគមន៍​។ ជា​មួ​​យ​គ្នា​នោះ ក្រុមហ៊ុន​បានផ្តល់​គ្រាប់ពូជ ជី បច្ចេកទេស និង​ទីផ្សារ​ចំពោះ​ប្រជាកសិករ​ដែល​ចង់​ដាំ​សណ្តែក​ផ្កាយ​ទាំង​នៅ​រុន​តា​ឯក​និង​ទូទាំង​២៥​ខេត្ត​ក្រុង​។​
លោក​បញ្ជាក់ទៀតថា ដើម្បីឱ្យ​ផលិតផល​របស់​យើង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន ត្រូវមាន​៣ ចំណុច​សំខាន់​។ ទី​១- រួមគ្នា​ធ្វើជា​បណ្តុំ​សហគមន៍​និង​សហ​ករ ទី​២-ទិន្នន័យ​ជាក់លាក់ ទី​៣-ដាំ​តាម​បច្ចេកវិទ្យា​សរីរាង្គ​និង​សុវត្ថិភាព ដែលជា​តម្រូវការ​រប​ស់​អង្គការ​សុខភាព​ពិភពលោក​។

បច្ចុប្បន្ន​តម្រូវការ​ទីផ្សារ​គឺ​៤០០០០​តោន​ក្នុង​មួយឆ្នាំ តែ​យើង​មិនអាច​ផ្តល់​ដល់ទី​ផ្សារ​បាន ទើប​យើង​បំផុស​ឱ្យ​ប្រជាជន​ដាំ ហើយ​សណ្តែក​ផ្កាយ​ដែល​ដាំ​បាន សហគមន៍​នឹង​នាំ​ចេញទៅ​ក្រៅប្រទេស​ផង និង​មួយចំនួន​ផលិត​នៅក្នុង​ស្រុក​ផង មិនឱ្យ​ប្រជាជន​ពិបាក​ក្នុង​ការរក​ទីផ្សារ​ឡើយ​។

​លោក​ម៉ី ម៉ា​រ៉ា​ឌី អគ្គនាយករង និង​ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក អាជ្ញាធរ​អប្សរា ក៏បាន​ថ្លែងអំណរ គុណ​ដល់​សហគម​ន៍​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ដែល​បាន​ផ្តល់ឱកាស​ដ៏​ល្អ​នេះ​ដល់​ប្រជាកសិករ​។ លោក​បាន​អះអាងថា​នឹង ជួយ​ជំរុញផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ការដាំដុះ​ដំណាំ​នេះ​ឱ្យបាន​ទូលំទូលាយ ព្រោះ​មាន​អ្នក​ចាំ​ទិញ ផល​របស់​យើង​ដោយ​មិនបាច់​បារម្ភ​ពី​តម្លៃ​និង​តម្រូវការ​៕