សារអេឡិចត្រូនិច
ភោជនីយដ្ឋានលើអាកាស នឹងមានវត្តមាន ក្នុងទីក្រុងបាងកក ឆាប់ៗនេះ


នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​បាង​កក​ កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ នៅ​លើ​អាកាស​ដ៏​ទាក់​ទាញ ​ដែល​អាច​ទទួល​ភ្ញៀវ​បាន ២២​នាក់​ ចុងភៅ​ម្នាក់ និង​អ្នក​បម្រើ​ភ្ញៀវ​២​នាក់ នឹង​មាន​វត្ត​មាន​ក្នុង​ទីក្រុង​បាង​កក ​នៅ​ថ្ងៃ​ទី ២០​ខែ​ធ្នូ​នេះ ​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

សន្និសីទ​សារព័ត៌មាន​នោះ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​លើ​អាកាស​ត្រូវ​បាន​រៀប​ចំ​ឡើង​ នៅ​ជិត​ផ្សារ​ទំនើប Emporium ហើយ​ភ្ញៀវ​អាច​ជួប​ជុំ​គ្នា​និយាយ​លេង និង​ញ៉ាំ Cocktail នៅ​លើ​ដី មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​លើ​អាកាស។ រៀង​រាល់ ១៥​នាទី​ម្ដង​ គេ​នឹង​ប្រកាស​រំលឹក​ភ្ញៀវ​ទាំង​អស់​ឲ្យ​ប្រើ​ប្រាស់​បន្ទប់ទឹក​ឲ្យ​ហើយ ដោយ​សារ​តែ​នៅ​លើ​អាកាស​មិន​មាន​បន្ទប់​ទឹក​នោះ​ទេ។

អាហារ​ពេល​ល្ងាច​រួម​បញ្ចូល​ម្ហូប ៤មុខ​និង​មាន​រយៈ​ពេល​១​ម៉ោង​ ដែល​ភ្ញៀវ​អាច​រើស​សាច់​បាន ៣​ប្រភេទ និង​មាន​ម្ហូប​សម្រាប់​អ្នក​ញ៉ាំ​អាហារ​បួស​ផង​ដែរ។ ការ​ទម្លាក់​ចុះ និង​យោង​ឡើង​ប្រើ​ពេល​ត្រឹម​៥​នាទី​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ភ្ញៀវ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​ត្រូវ​ប្រើ​ប្រាស់​បន្ទប់​ទឹក ឬ​ជួប​អាកាស​ធាតុ​អាក្រក់​នោះ​ទេ ហើយ​ភ្ញៀវ​ទាំង​អស់​តម្រូវ​ឲ្យ​ពាក់​ខ្សែ​ក្រវាត់​ ៤​ចំណុច​ ដែល​ស្រដៀង​នឹង​ខ្សែ​ក្រវាត់​នៅ​លើ Roller Coaster។

ដើម្បី​ធានា​សុវត្ថិភាព ក្រុម​ហ៊ុន DITS អះ​អាង​ថា ​ពួក​គេ​បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​ និង​មិន​ដែល​មាន​ភ្ញៀវ​គ្រោះ​ថ្នាក់ ឬ​រង​របួស​នោះ​ទេ ដោយ​សារ​តែ​ឧបករណ៍​ស្ទូច​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​បែលហ្ស៊ិក​។ អ្នក​រៀប​ចំ​កម្មវិធី​ក៏​បាន​ប្រាប់​ដែរ​ថា​ នឹង​មាន​គម្រោង​រៀប​ចំ​កម្មវិធី​នេះ​ នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​ថៃ រួម​ទាំង​ខេត្ត​ភូកេត ​និង​ប្រហែល​ជា​នៅ​តាម​មាត់​ទន្លេ​នៃ​ទីក្រុង​បាង​កក។

កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៦ល្ងាច និង​៧:៣០ល្ងាច​ជា​រៀង​រាល់​ថ្ងៃ ដូច្នេះ​ភ្ញៀវ​នឹង​អាច​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​លិច​បាន។ ចំណែក​ឯ​សំបុត្រ​ចូល​រួម​វិញ ​គឺ​មាន​តម្លៃ ៤ ៩៩០បាត (ជាង ១៥០​ដុល្លារ) សម្រាប់​ថ្ងៃ​ធម្មតា និង​តម្លៃ ៥ ៣៩០​បាត (ជាង ១៦០​ដុល្លារ) សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍ មិន​រួម​បញ្ចូល​គ្រឿង​ស្រវឹង​នោះ​ទេ ប៉ុន្តែ​មាន​រួម​បញ្ចូល​សេវា​ជិះ​រថយន្ត​តាក់ស៊ី UBER មិន​គិត​ថ្លៃ​ទៅ​និង​មក៕