សារអេឡិចត្រូនិច
រថភ្លើងមួយខ្សែ បានរអិលធ្លាក់​ចេញពី​លើផ្លូវ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់


ញូដេលី៖ មនុស្សយ៉ាងតិច ០៣នាក់​បានស្លាប់ និង០៩នាក់ផ្សេង​ទៀតបានរងរបួស នៅពេលដែល​រថភ្លើងដឹកអ្នក​ដំណើរមួយខ្សែ​ បានក្រឡាច់ធ្លាក់ពី​លើផ្លូវ នៅក្នុងរដ្ឋ Uttar Pradesh របស់ប្រទេស​ឥណ្ឌា។ នេះបើតាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាជ្ញាធរឥណ្ឌា​បានឲ្យដឹងថា ទូរប្រហែល ១៣កំណាត់​នៃរថភ្លើងរបស់​ក្រុមហ៊ុន Vasco Da Gama-Patna Express បានរអិលធ្លាក់​ចេញពី​លើផ្លូវ នៅក្បែរស្ថានីយ៍​រដ្ឋភ្លើង Manipurk នាពេលទាបភ្លឺ​ថ្ងៃសុក្រនេះ។ មនុស្ស យ៉ាង​ហោចណាស់ ០៣នាក់ បាន​បាត់​បង់​ជីវិត ខណៈអ្នក​ដែល​បានទទួលរងរបួស ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ជាបន្ទាន់ហើយ ស្របពេល​មនុស្សមួយចំនួនក្នុង​​ចំណោម​នោះ ត្រូវ​​បាន​​គេ​ឲ្យ​ដឹងថា ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរខ្លាំង។

គួរជម្រាបថា មុនពេល​កើតហេតុ រថភ្លើងខាងលើ​កំពុងស្ថិតនៅលើផ្លូវ​ធ្វើដំណើរ ឆ្ពោះទៅកាន់​ក្រុង Patna ដែលជាទី ក្រុងនៃរដ្ឋ Bihar ភាគខាងកើត​ប្រទេស​ពីក្រុង Vasco Da Gama នៅរដ្ឋ Goa ភាគខាងលិច។ ជាមួយគ្នានេះ ការ ស៊ើបអង្កេត ក៏ត្រូវបាន​បង្គាប់​ឲ្យប្រព្រឹត្តទៅ ដើម្បីស៊ើបរកមូលហេតុ ដែលបានបង្កឲ្យមានឧបទ្ទវហេតុនេះផងដែរ៕