សារអេឡិចត្រូនិច
កម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧ រកឃើញម្ចាស់ជ័យលាភី


កម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា ២០១៧ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានរកឃើញ​ម្ចាស់មកុដគឺកញ្ញា សៅ សូត្រទំរង់ពេជ្រ សិក្សាជំនាញភាសាអង់គ្លេស (TESOL) មកពីសាកលវិទ្យាល័យបញ្ញា សាស្រ្តកម្ពុជា។ និស្សិតស្រីឆ្នើមវ័យ ២៣ឆ្នាំរូបនេះ បានយកឈ្នះកញ្ញាឯក ១៩ រូបផ្សេងទៀត ​ហើយនាងនឹងត្រូវ​តំណាងអោយប្រទេសកម្ពុជា ចូលរួមការប្រកួតក្នុងកម្មវិធីបវរកញ្ញាសាកលវិទ្យាល័យពិភពលោកអន្តរជាតិ ២០១៧ វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ នៅឯសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។

ដោយឡែកជ័យលាភី​ ៤ រូបផ្សេងទៀតនៅក្នុងកម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា ២០១៧ មាន ដូចតទៅ៖
- ជ័យលាភីលេខ២ គឺបានទៅលើ​ កញ្ញា សំណាង អាលីនា ជាកញ្ញាឯកគុណធម៌ មកពីសាកលវិទ្យាល័យបញ្ញា សាស្រ្តកម្ពុជា ។
- ជ័យលាភីលេខ៣ គឺបានទៅលើកញ្ញា ឡៃ ដាលីន ជាកញ្ញាឯកសម្បទាមាំមួន និងកញ្ញាឯកគ្រងឈុតប្រពៃណីខ្មែរ ស្រស់ស្អាតជាងគេ មកពីសាកលវិទ្យាល័យកម្ពុជា​ ។
- ជ័យលាភីលេខ៤ គឺបានទៅលើ កញ្ញា លី សុខភីរីកា ជាប់ជាកញ្ញាឯកសន្តិភាព មកពីសាកលវិទ្យាល័យមេគង្គ កម្ពុជា ​។
- ជ័យលាភីលេខ៥ គឺបានទៅលើ កញ្ញា លឹម ណយ ជា​កញ្ញាឯកស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យវេស្ទើន ​។

ព្រឹត្តិការណ៏ដ៏អស្ចារ្យ លើកទី២៨ នេះ បានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាច្រើន ដែលតំណាង ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាជិកនៃគណកម្មាធិការរៀបចំការប្រកួតកម្មវិធីកញ្ញាឯក សាកលវិទ្យាល័យពិភពលោកមកពីប្រទេសកូរ៉េ ក៏ដូចជាភ្ញៀវ​មកពីក្រុមហ៊ុនធំៗ និងម្ចាស់អាជីវកម្មផ្សព្វផ្សាយពាណិជ្ជ កម្មនៅក្នុងប្រទេសជាច្រើនរូបទៀតផង ។

​សូមបញ្ជាក់ថាគោលដៅនៃកម្មវិធីនេះគឺស្វែងរកកញ្ញាឯកតំណាងទីភ្នាក់ងារ «PEACE CORPS » ដើម្បីលើកកម្ពស់សន្តិភាពពិភពលោកតាមរយៈ «ចលនាសន្តិភាពសម្រាប់ការបង្រួបបង្រួមពិភពលោក»​ «ក្នុងពិភពលោកមួយ មនុស្សធម៌ ប្រៀបបានដូចជាបងប្អូនប្រុសស្រី» និង «ចលនាបរិស្ថាននៃមនុស្សធម៌ដើម្បីរស់នៅលើភពផែនដី»
សូមតាមដានកម្មវិធី និងជួយគាំទ្រកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧ ​លើទំព័រហ្វេសប៊ុកផ្លូវការណ៏៖ @WorldMissUnversityCambodia ៕