សារអេឡិចត្រូនិច
ក្រុមហ៊ុន​ផលិត​ឱសថ​​មកពី​ប្រទេស​ឥណ្ឌា​ និង​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​អន្តរជាតិ ២០១៨


រោងចក្រ​ផលិត​ឱសថ​ឥណ្ឌា​គ្រោង​នឹង​បង្កើត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈាន មុខ​គេ​​របស់​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។​រោងចក្រ​នេះ​គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​

ប្រភពពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែ វិច្ឆិកា ឆ្នាំ​២០១៧ បានឱ្យដឹងថា​ភតិសន្យា​ស្ដីពី​ការជួល​ដី​រយៈពេល​វែង​ថ្មី​មួយ ត្រូវបាន​ចុះហត្ថលេខា​រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ក្រុមហ៊ុន VTSIX GROUP កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​កន្លងទៅនេះ ដើម្បី​បង្កើត​រោងចក្រ​ផលិត​ឱសថ​ដោយ​អនុលោម​តាម​ប្រព័ន្ធ​អនុវត្ត​ល្អ​ផ្នែក​កម្មន្តសាល (GMP) របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។

​ប្រភព​ដដែល​នេះ​បាន​បន្តថា​ VTSIX GROUP​ គឺជា​ក្រុមហ៊ុន​ឥណ្ឌា​ដែលមាន​ឯកទេស​ជំនាញ​ផ្នែក​ផលិត​ឱសថ​លេប​តាម​មាត់​​រួមមាន​ដូចជា ថ្នាំ​គ្រាប់​មូល​សំប៉ែត ​ថ្នាំ​គ្រាប់​មូល​ទ្រវែង ​និង​ថ្នាំ​ទឹក​ស៊ី​រ៉ូ​។

​ក្រុមហ៊ុន​នេះ នឹង​នាំមក​នូវ​ជំនាញ​ឯកទេស​រយៈពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​របស់ខ្លួន ​ហើយនឹង​ធ្វើការ​វិនិយោគ​ទៅលើ​​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា ​នឹងធ្វើ​ការផលិត​ឱសថ​រហូតដល់ ៥០០លាន​ឯក​តា នៅក្នុង​មួយឆ្នាំ ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់​មូល​សំប៉ែត ថ្នាំ​គ្រាប់​មូល​ទ្រវែង ឬ​ថ្នាំ​ទឹក​ស៊ី​រ៉ូ​ហើយ​នេះ​គឺជា​បរិមាណ​ដ៏​ច្រើន​លើសលុប​មួយ​​ដែល​នឹង​អាច​សម្រេចបាន​ដោយ​ជោគជ័យ​ដោយ​បុគ្គលិក​ដែល​បាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​យ៉ាង​ល្អ​បំផុត​និង​មានគុណ​វុឌ្ឍិ​ខ្ពស់​ចំនួន ២៥នាក់​។​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បើកសម្ពោធ​ប្រតិបត្តិ ការ​នៅក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក Hiroshi Uematsu ប្រធាន​អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​មានប្រសាសន៍ថា​“​យើង​មាន​សេចក្ដី​សោម​​នស្ស​រីករាយ​សូម​ស្វាគមន៍​វត្តមាន​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ទំនើប​មកពី​ប្រទេស​ឥណ្ឌា​មួយ​នេះ​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​អន្តរជាតិ​របស់​យើង ហើយ​យើង​នឹង​ផ្ដល់នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន VTSIX GROUP​ដើម្បី​បើកសម្ពោធ​និង​ធ្វើ​ប្រតិបត្តិ​ការផលិត​​កម្ម​របស់ខ្លួន​ប្រកបដោយ​ភាពជោគជ័យ​ខ្ពស់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

លោក​បាន​ញ្ជា​ក់ថា​តាមរយៈ​ការបង្កើត​រោងចក្រ​នេះ​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​ឡើង​បន្ថែមទៀត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​លើក​ជួយ​កម្ពស់​ការអភិវឌ្ឍ​របស់​ប្រទេស​នេះ​ផងដែរ​៕