សារអេឡិចត្រូនិច
លុយ២០ដុល្លារ ដែលបុរសអនាថាជួយនារីម្នាក់ ចុងក្រោយ


បុរស​អនាថា​ម្នាក់​ឈ្មោះ Johnny Bobbitt Jr. បាន​លះ​បង់​លុយ​ ដែល​នៅ​សល់​២០​ដុល្លារ ឲ្យ​ទៅ​នារី​ម្នាក់​ឈ្មោះ Kate McClure នៅ​ពេល​ដែល​ឡាន​របស់​នាង អស់​សាំង​នៅ​លើ​ផ្លូវ​ដ៏​ស្ងាត់​មួយ។ លោក Bobbitt បាន​ប្រាប់​អ្នក​នាង Kate ឲ្យ​សម្ងំ​នៅ​ក្នុង​ឡាន ​និង​ចាក់​សោ​ទ្វារ មុន​ពេល​ដែល​លោក​ដើរ​ទៅ​រក​ទិញ​សាំង​នៅ​ជិត​នោះ។

អ្នក​នាង Kate បាន​និយាយ​ថា ​នាង​មិន​មាន​លុយ​សម្រាប់​សង​បុរស​រូប​នេះ​វិញ​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​សន្យា​ថា​នឹង​សង​លុយ ២០​ដុល្លារ​វិញ​នៅ​ថ្ងៃ​បន្ទាប់។ ដោយ​សារ​តែ អ្នក​នាង​រំជួល​ចិត្ត​ចំពោះ​ទង្វើ​របស់​លោក Bobbitt ខ្លាំង​ពេក នាង​ក៏​បាន​ត្រលប់​មក​ផ្លូវ​នោះ​ជា​ច្រើន​លើក​ ជាមួយ​មិត្ត​ប្រុស ដើម្បី​យក​លុយ , សំលៀកបំពាក់ និង អាហារ​មួយ​ចំនួន​មក​ឲ្យ​លោក Bobbitt និង​បាន​ដឹង​ថា​លោក​ជា​អតីត​ទាហាន​ជើង​ទឹក​ម្នាក់ ​ដែល​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក។

រយៈ​ពេល ១២​ថ្ងៃ​ក្រោយ​មក​ អ្នក​នាង Kate ក៏​បាន​សម្រេច​ចិត្ត​បង្កើត​យុទ្ធនាការ​រៃអង្គាស​ប្រាក់​នៅ​លើ​គេហទំព័រ GoFundMe សម្រាប់​លោក Bobbitt។ យុទ្ធនាការ​នេះ​មាន​គោល​បំណង​រៃ​អង្គាស​ប្រាក់​ត្រឹម​ចំនួន ១ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រឹម​តែ​រយៈ​ពេល​១៣​ថ្ងៃ ចំនួន​នៃ​ទឹក​ប្រាក់​ដែល​បាន​បរិច្ចាគ​កើន​ឡើង​រហូត​ដល់​ជាង ២០​ម៉ឺន​ដុល្លារ។

ចំនួន​លុយ​ដ៏​ច្រើន​លើស​លប់​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​ បាន​ធ្វើ​ឲ្យ​លោក Bobbitt ប្រាប់​អ្នក​នាង Kate ឲ្យ​បញ្ឈប់​យុទ្ធនាការ​នោះ​ព្រោះ​វា​ពិត​ជា​គ្រប់​គ្រាន់​សម្រាប់​លោក​ណាស់។ ប៉ុន្តែ​មួយ​ម៉ោង​ក្រោយ​មក​ អ្នក​នាង Kate បាន​ទទួល​សំណើ​ជា​ច្រើន​ សុំ​ឲ្យ​បើក​ការ​បរិច្ចាគ​វិញ ព្រោះ​ពួក​គេ​ចង់​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ទង្វើ​ល្អ​របស់​លោក Bobbitt ដែល​បាន​លះ​បង់​លុយ ២០​ដុល្លារ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង។

យ៉ាងណាមិញ រហូត​មក​ទល់​ពេល​នេះ ចំនួន​លុយ​ដែល​បាន​បរិច្ចាគ​ កើន​ឡើង​រហូត​ដល់​ជិត ៣០ ម៉ឺន​ដុល្លារ​៕

ប្រភព៖ Dailymail