សារអេឡិចត្រូនិច
កងទ័ពអេហ្ស៊ីបបើកប្រតិបត្តិការសងសឹក វាយលុក​កម្ទេចទីតាំង​លាក់ខ្លួន​ក្រុមជ្រុល​និយម​ទាំងនោះ​ផងដែរ


យោធាអេហ្ស៊ីប​បានបើកប្រតិបត្តិការ​យ៉ាងក្តៅគគុក តបតទៅលើ​ក្រុមភេរវករ ដែលមានជាប់​ពាក់ព័ន្ធ ក្នុង​ករណី​​វាយ​ប្រហារ​​ដ៏​ប្រល័យ នៅព្រះវិហារមួយ​កន្លែង​នៃខេត្ត Sinai ខាងជើង ដែលបានផ្តាច់ជីវិត​យ៉ាងហោច ២៣៥នាក់ និង បង្កឲ្យ​របួសខ្ទង់​រយនាក់​ផ្សេងទៀត​កាលពី​ម្សិលមិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យយោធា​នៃប្រទេស​អេហ្ស៊ីប បានឲ្យដឹងនៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយថា ក្រៅពីនេះ យន្តហោះចម្បាំង​​កង​ទ័ព​អាកាស​​អេហ្ស៊ីប ក៏បានវាយលុក​កម្ទេចទីតាំង​លាក់ខ្លួន​មួយចំនួន ដែលមានផ្ទុក​សព្វាវុធ​របស់ ក្រុមជ្រុល​និយម​ទាំងនោះ​ផងដែរ។ ប្រតិបត្តិ​ការនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងក្រោយ មានសកម្មភាពវាយប្រហារភេរវកម្ម ទៅលើ ព្រះវិហារ​មួយកន្លែង នៅក្នុងភូមិតូចមួយ​នៃខេត្ត Sinai ខាងជើង ដែលបានសម្លាប់​ជីវិតក្រុម​អ្នកប្រតិបត្តិសាសនា​យ៉ាងតិច ២៣៥នាក់ និងបណ្តាល​ឲ្យជាង ១០០នាក់ ទៀត​រង​របួស ខណៈវាគឺជាករណីភេរវកម្ម​ដំបូងបំផុត ដែលបាន វាយប្រហារ​ទៅលើព្រះវិហារ​មូស្ល៊ីម នៅក្នុងប្រវត្តិសាស្រ្ត​សម័យទំនើប​របស់​​អេហ្ស៊ីប។

ទោះជាពុំមាន​ការបញ្ជាក់ថា ក្រុមភេរវករមួយណា​ឲ្យប្រាកដដែល​នៅពីក្រោយ ករណីវាយប្រហារ​ខាងលើ​យ៉ាងណាក្តី ការសង្ស័យ​គឺធ្លាក់​ទៅលើក្រុម​សកម្មប្រយុទ្ធ មានមូលដ្ឋាន​នៅឧបទ្វីប Sinai ដែលស្មោះស្ម័គ្រ​នឹងក្រុមភេរវករ​ក្នុងតំ បន់​គឺពួកISIS ដែលតែងតែ​​បានចេញមុខ​អះអាងថា ជាអ្នករៀបចំ​ប្រតិបត្តិការ​ភេរវកម្មធំៗនៅ​អេហ្ស៊ីប ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។

ករណីភេរវកម្ម​បានចាប់ផ្តើម​ស្ទុះឡើងខ្លាំង​នៅអេហ្ស៊ីប ចាប់តាំងតែ​ពីកម្លាំងយោធា បានទម្លាក់​អតីត​ប្រធានាធិបតី​ លោក Mohamed Morsi កាលពី​ខែកក្កដា ឆ្នាំ២០១៣ ក្នុងការឆ្លើបតប​ទៅនឹងការធ្វើ​បាតុកម្មទ្រង់ទ្រាយធំ​ជាបន្ត បន្ទាប់ ប្រឆាំងនឹង​ការដឹកនាំរយៈពេល​ប្រមាណជា ០១ឆ្នាំរបស់លោក ក៏ដូចជា​ក្រុម Muslim Brotherhood របស់ លោក ដែលបច្ចុប្បន្នត្រូវ​គេចាត់ទុក​ជា​ឧក្រិដ្ឋជន។

ក្រោយឧបទ្ទវហេតុ​ដ៏អាក្រក់កាលពី​ម្សិលមិញ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi បានទទួលការ ហៅទូរស័ព្ទ​​ជា​បន្ត បន្ទាប់ពីសំណាក់បណ្តាមេដឹកនាំ​ពិភពលោក ដែល​បានចូលរួម​មរណទុក្ខ និងបានសម្តែងការគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​​​អេហ្ស៊ីប ក្នុងយុទ្ធនាការ​បង្រ្កាបអំពើ​ភេរវកម្ម​របស់ប្រទេស​មួយនេះ៕