សារអេឡិចត្រូនិច
​ទឹកស្ទឹង​សង្កែ​ជន់​ឡើង​យ៉ាងគំហុក ត្រឹម​រយៈពេល​២​ថ្ងៃ ​


បាត់ដំបង​៖ ឥទ្ធិពល​អាកាសធាតុ​សម្ពាធ​ទាប​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​យ៉ាងច្រើន នៅ​តំបន់​ប៉ែក​ខាងលើ​ជាប់​ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ទឹកស្ទឹង​សង្កែ​ជន់​ឡើង​យ៉ាងគំហុក ត្រឹម​រយៈពេល​២​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​២៥​និង​២៥​ខែវិច្ឆិកា​នេះ ប៉ុន្តែ​ខាង​ជំនាញ​ធនធានទឹក​បញ្ជាក់ថា មិនទាន់​ដល់​ចំណុច​ដែល​ត្រូវ​ប្រកាសអាសន្ន​ទេ​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាត់ដំបង ពិសេស​អ្នក​ដែលមាន​លំនៅដ្ឋាន​ប្រប​តាម​ដងស្ទឹង​សង្កែ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៤​និង​២៥​ខែ​វិ​ច្ឆ​កា ក្រោយពេល​ភ្លៀង​នៅ​បន្ត​ធ្លាក់​យ៉ាងច្រើន ទាំង​នៅក្នុង​ខេត្តបាត់ដំបង ពិសេស​នៅ​តំបន់​ប៉ែក​ខាងលើ​ជាប់​ខេត្តបាត់ដំបង មាន​ខេត្ត​ប៉ៃលិន​ជាដើម បណ្តាល​ឲ្យ​តំបន់​វាលស្រែ​មួយ​ភាគ​ធំ រង​ការ​ជន់​លិច​រួមទាំង​ទឹកស្ទឹង​សង្កែ​ផងដែរ បាន​ហក់​ឡើង​យ៉ាងគំហុក ត្រឹម​រយៈពេល​២​ថ្ងៃនេះ ដែល​ពីមុន​ចំណុះ​ទឹកស្ទឹង​សង្កែ​មានទឹក​ត្រឹម​បាត​ស្ទឹង​ប៉ុណ្ណោះ​។​

​លោក សាលី ដែលជា​អ្នក​ស្ទូចត្រី​ម្នាក់ បាន​និយាយថា ត្រឹម​រយៈពេល​តែ​២​ម៉ោង​ប៉ុណ្ណោះ នៅវេលា​ម៉ោង​១២:០០​ថ្ងៃត្រង់​ទី​២៤​វិ​ច្ឆ​កា​នេះ ទឹកស្ទឹង​បាន​ហក់​ឡើង​ខ្លាំង ស្ទើរ​មិនគួរ​ឲ្យ​ជឿ គឺ​ឡើងដល់​ប្រមាណ​ជិត​កន្លះ​ម៉ែត្រ​ត្រឹម ក​គល់ ស្ពាន​ស្ទឹង​សង្កែ​មុខ​សាលាខេត្ត​បាត់ដំបង ឯ​នៅ​ចុងស្ពាន​ថ្ម​វត្ត​គរ​ក៏មាន​ការបាក់​ស្រុតដី​ខ្លះ​ដែរ​។​

​ដោយឡែក​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ​ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​ជាច្រើន​នៅ​ប៉ែក​ខាងលើ នា​តំបន់​ស្រុក​សំឡូត និង​ខេត្ត​ប៉ៃលិន ជាហេតុ​នាំ​ឲ្យ​ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​មក​បុក​ទំនប់​ពហុ​បំណង​សេក​សក ក្នុងស្រុក​រតនមណ្ឌល និង​សំណង់​ទ្វារ​ទឹក​ធារាសាស្ត្រ​ក​ង្ហ​ត​ក្នុងស្រុក​បាណន់ ហើយ​មន្ត្រី​ជំនាញ​បាន​បើកទ្វារ​ទឹក​នោះ ដើម្បី​រក្សា​កម្ពស់​ទឹក ក៏​ធ្វើ​ឲ្យ​ទឹក​ក្នុង​ស្ទឹង​សង្កែ​ឡើង​ខ្ពស់​តែម្តង​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា រហូតមកដល់​ថ្ងៃត្រង់​ថ្ងៃទី​២៤ វិ​ច្ឆ​កា​នេះ ទឹកស្ទឹង​សង្កែ​ឡើងដល់​កម្ពស់​១២,៦០​ម៉ែត្រ ប៉ុន្តែ​នៅ​មិនទាន់​ដល់​កម្ពស់ ដែល​ត្រូវ​ប្រកាសអាសន្ន​នៅឡើយ​ទេ​។​

​ចំណែក​លោក ខាន់ ម៉ា​ណេ​រ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​បញ្ជាក់ថា ការបាក់​ដី​ស្រុត​នៅ​ចុង​ស្ពានថ្ម​វត្ត​គរ គឺ​មិន​ប៉ះពាល់​ដល់​តួ​ស្ពាន​ទេ ខាង​មន្ទីរជំនាញ​បាន​ដឹក​ដី​ចាក់​រួចរាល់​ហើយ​។ ចំពោះ​បញ្ហា​ទឹកស្ទឹង​ជន់​ហក់​យ៉ាងគំហុក​នេះ អាច​ស្រក​វិញ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​បន្តទៀត ព្រោះ​ដល់​រដូវរំ ហើយ​ធ្លាក់​ខ្យល់​ពី​ជើង​មកហើយ មិនអាច​ជន់​លិច​ក្រុង​នោះទេ​៕