សារអេឡិចត្រូនិច
ឥណ្ឌូនេស៊ី ចេញ​ការព្រមាន​កម្រិត “​ពណ៌​ក្រហម​” ដែលជា​កម្រិត​គ្រោះថ្នាក់​នៃ​ផេះភ្នំភ្លើង​


​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវបាន​ព្រមាន​កម្រិត​គ្រោះថ្នាក់ “​ពណ៌​ក្រហម​” ដែលជា​កម្រិត​គ្រោះថ្នាក់​នៃ​ផេះភ្នំភ្លើង​ដែល​ហុយ​ឡើង​នៅ​ជិត​កោះ​បាលី កាលពី​ថ្ងៃអាទិត្យ ទី​២៦ វិច្ឆិកា បន្ទាប់ពី​ភ្នំភ្លើង​អាគង់ (Agung) បាន​បញ្ចេញ​ផ្សែង​ក្រាស់​ហុយ​ឡើង​កម្ពស់​ដល់​ទៅ​៤.០០០​ម៉ែត្រ ។​

​ភ្នំភ្លើង​នេះ​បាន​បញ្ចេញ​ផ្សែង​ក្រាស់ និង​បំ​ភាយ​ឧស្ម័ន​ដ៏​ច្រើន​ជា​លើក​ទី​២​នៅ​សប្តាហ៍​នេះ ហើយ​ការហោះហើរ​ត្រូវបាន​រំខាន​។​

​ការព្រមាន​ពណ៌​ក្រហម​មានន័យថា ការផ្ទុះ​មួយ​នៃ​ភ្នំភ្លើង​នេះ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើតឡើង​នៅពេល​ឆាប់ៗ​នេះ ជាមួយនឹង​ការបញ្ចេញ​ផេះ​ដ៏​ច្រើន​។​

​ក្រុម​អាជ្ញាធរ​បានចាប់ផ្តើម​ចែកចាយ ម៉ាស​មុខ​សុវត្ថិភាព នៅ​តំបន់​មួយចំនួន ដែល​ផេះភ្នំភ្លើង អាច​ធ្លាក់​ដល់​នោះ​។​

​កោះ​បាលី​គឺជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​។ ព្រលានយន្តហោះ​របស់​កោះ​នេះ ឥឡូវនេះ​ដំណើរការ​ធម្មតា ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​លុបចោល​ជើងហោះហើរ​។ ផេះភ្នំភ្លើង​អាច​បំផ្លាញ​ម៉ាស៊ីន​យន្តហោះ​៕