សារអេឡិចត្រូនិច
កម្ពុជាមិនខ្វះប្រេង និងអគ្គិសនីប្រើទេ បើ​កំពូល​គម្រោង​ធំៗ​២នេះចេញជារូបរាង


​គម្រោង​​វិនិយោគធំៗ​ពីរ ​លើ​វិស័យ​ប្រេង និង​អគ្គិសនី កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សាធារណជន​ទាំង​ឡាយ​ដោយ​រំពឹង​ថា បើ​គម្រោង​ទាំង​ពីរ​នេះ​ពិត​ជា​សម្រេច​បាន​មែន នោះ​កម្ពុជា​នឹង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង និង​ថាមពល​អគ្គិសនី​ ទៅ​កាន់​ប្រជាពលរដ្ឋ។ ដូច្នេះ​សូម​ទៅ​ដឹង​ព័ត៌មាន​លម្អិត​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖​​

១. កម្ពុជា​នឹង​អាច​ផលិតប្រេង​រាប់​លាន​តោន​ក្នុង​១​ឆ្នាំៗ​

កម្ពុជា​បាន​រកឃើញ​តំបន់​មាន​ប្រេងកាត​ទាំង​នៅក្នុង​សមុទ្រ និង​លើ​គោក មាន​ចំនួន ២៥​ប្លុក ដែលអាច​ផលិត​ប្រេង​បាន​ចំនួន ៥លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម។

ឯកឧត្ដម ស៊ុយ សែម ថ្លែង​ថា កម្ពុជានឹង​ចាប់ផ្តើម​ផលិត​ប្រេង​នៅឆ្នាំ​២០១៩ ខាងមុខ​នេះ ដោយ​ក្រុមហ៊ុន​សិង្ហបូរី ដែល​អាច​ផលិតប្រេង​កាត​បាន ៣១លាន​បារ៉ែល នៅ​ដំណាក់កាល​ទី១ ក្នុង​ប្លុកA និង​ប្លុកB ខណៈ​ប្លុកC ក្រុមហ៊ុន​ម៉ាឡេស៊ី កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្លុក​ផ្សេងទៀត​មាន​ក្រុមហ៊ុន​បរទេស​កំពុង​ដាក់​ពាក្យ​សុំ​រុករក​បន្ថែម។

តំបន់​ប្រេង​នៅ​សមុទ្រ គឺមាន​ចំនួន​៦ប្លុក គឺ​ប្លុក A.B.C.D.E និង​ប្លុកF ប៉ុន្តែ​ប្លុក A និង​ប្លុកB នឹង​ចាប់ផ្តើម​ផលិត​នៅឆ្នាំ​២០១៩ ខាងមុខ​នេះ ដោយ​ក្រុមហ៊ុន​ KrisEnergy របស់​ប្រទេស​សិង្ហបូរី ដែលអាច​ផលិត​បាន​នៅ​ដំណាក់​កាល​ទី១ បាន​ចំនួន ៣១លាន​បារ៉ែល។ ចំណែក​ប្លុកC មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្លុក​មួយចំនួន​ទៀត​មាន​ក្រុមហ៊ុន​ផ្សេង​កំពុង​ដាក់ពាក្យ​សុំ​រុករក​ស្រាវជ្រាវ​នាពេល​ឆាប់ៗ​នេះ។

សម្រាប់​តំបន់​ប្រេង​នៅលើ​គោក​វិញ គឺបាន​រកឃើញ​នៅខេត្ត​កំពង់ធំ ដោយមាន​ចំនួន ១៩ប្លុក ក៏​ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ភីត្រូ របស់​វៀតណាម​កំពុង​បាន​ដាក់​ពាក្យ​សុំ​សិក្សា​ស្រាវជ្រាវ។ ក្រៅពីនេះ នៅមាន​ចំនួន​១៨ប្លុក​ទៀត​គឺ​ពុំទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ស្ម័គ្រ​ចិត្ត​នៅឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក ស៊ុយ សែម។

២. ក្រុមហ៊ុន​អាមេរិក​ដ៏​ធំមួយ​គ្រោង​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​កម្ពុជា

ក្រុមហ៊ុន General Electric (GE) របស់​សហ​រដ្ឋអាមេរិក គ្រោង​នឹង​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិ​សនី​ដើរ​ដោយ​ធ្យូងថ្ម និង​បណ្តាញ​អគ្គិសនី និង​ការ​​បែងចែក​អគ្គិសនី នៅ​កម្ពុជា។ 

ងជំនួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន  លោក John E. Rice  អនុ​ប្រធាន​ក្រុមហ៊ុន GE បាន​លើក​ឡើង​ថា ក្រុមហ៊ុន របស់​លោក កំពុង​សិក្សា​លើការ​ផលិត​ថាមពល​អគ្គសនី​ដើរដោយ​ធ្យូងថ្ម ក្នុងខេត្ត​ព្រះ​សីហនុ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន ក៏​កំពុង​សិក្សា​លើ​បណ្តាញ​អគ្គិសនី និង​ការ​បែងចែក​អគ្គសនី ទៅកាន់​ប្រជា​ពលរដ្ឋ​ផងដែរ ដែល​គម្រោង​នេះ​នឹង​បញ្ចប់​នាចុងឆ្នាំ​២០១៧​នេះ។

សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា បានមាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​មាន​តម្រូវ​ការ​អគ្គិសនី​ចម្រុះ គ្រប់​ទី​កន្លែង គឺ​ទាំង​វារី​អគ្គិសនី និង​ថាមពល​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម។

ធ្យូងថ្ម​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​នាពេល​បច្ចុប្បន្ន។ វាមាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ក្រុមហ៊ុន​លោក ក្នុងការ​ផ្ដល់​បច្ចេកវិទ្យា​ធ្យូងថ្ម​ដែល​មាន​ប្រសិទ្ធភាព​កាន់តែ​ច្រើន​ហើយ​អនុញ្ញាត​ឲ្យ​ធ្យូងថ្ម​ត្រូវ​បាន​ប្រើប្រាស់​តាម​របៀប​ដែល​ទទួល​ខុសត្រូវ​លើ​បរិស្ថាន​កាន់តែ​ខ្លាំង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក John E. Rice៕

ប្រភព៖ Sabay