បុរសម្នាក់ត្រូវម៉ាស៊ីនបោកស្រូវកិនដាច់ជើងឆ្វេងម្ខាង
ថ្ងៃ ចន្ទ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១១:៣១
ព្រះវិហារ៖ បុរសម្នាក់ឈរលើម៉ាស៊ីនបោកស្រូវក៏រអិលជើងផុងចូលម៉ាស៊ីនត្រូវកិនជើងហ្មត់ដាច់ជើងឆ្វេងបណ្តាលធ្វើឱ្យហូរឈាមនិងសន្លប់បាត់ស្មារតីភ្លាមៗនៅនិងកន្លែង។ ហេតុការណ៏គួរឱ្យរន្ធត់នោះបានកើតឡើងស្ថិតនៅក្នុងវាលស្រែភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រភពពត៌មានពីសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះបានរអិលជើងផុងចូលម៉ាស៊ីនកិនស្រូវបណ្តាលឱ្យរងរបួស បានដឹកទៅសង្គ្រោះ បន្ទាន់នៅមណ្ឌលសុខភាពឆែប។ ដល់ថ្ងៃទី២៧ ខែវិច្ឆិការ បានដឹកបន្តទៅកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។
សមត្ថកិច្ចមូលដ្ឋានឃុំឆែបមួយបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ថាបុរសដែលរងរបួសដាច់ជើងម្ខាងដោយ សារបោកស្រូវខុសបច្ចេកទេសនោះមានឈ្មោះខៀវ សុភីន ភេទប្រុស អាយុ៣៩ឆ្នាំ ជាកសិកររស់នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
លោកសុខសានណ្ណារ៉ា អភិបាលស្រុកឆែប បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសពេលយកម៉ាស៊ីនទៅច្រូតកាត់ស្រូវ និងពេលបោកស្រូវត្រូវមានការប្រុងប្រយ័ត្នព្រោះវាជាគ្រឿងម៉ាស៊ីន បើយើងប្រហែស ឫមិនប្រុងប្រយ័ត្នទេនោះ វានិងបង្កឱ្យយើងមានគ្រោះថ្នាក់បានគ្រប់ពេលវេលា៕