សារអេឡិចត្រូនិច
អ្នកជំនាញ​រកឃើញ​កន្លែង​លក់​ប្រេង​មិន​គ្រប់​តាម​កុង​ទ័​រ​ និង​យក​ប្រេង​ធម្មតា​បន្លំ​


មន្ត្រី​កាំកុងត្រូល​កាលពី​ថៃ្ង​ទី​២៧​ ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧ ​រកឃើញ​ដេប៉ូ​៣​កន្លែង​នៅ​ខណ្ឌ​សែន​សុខ​លក់​ប្រេង​មិន​គ្រប់​តាម​កុង​ទ័​រ និង​យក​ប្រេង​ធម្មតា​បន្លំ​ធ្វើ​ស៊ុប​ពែរ​។​ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​តាមរយៈ​រថយន្ត​មន្ទីរពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត​។​

មន្ត្រី​ជំនាញ​របស់​មន្ទី​ពិសោធន៍បានចុះត្រួតពិនិត្យបរិមាណ និង​គុណភាពប្រេងឥន្ធនៈនៅតាម​ស្ថានីយ និង​ដេប៉ូ មួយចំនួនដែលមាន​ទីតាំងនៅ​ផ្លូវ ២០០៤ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុងគោលបំណងការពារផលប្រយោជន៍ សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារ​គ្រឿង​ម៉ាស៊ីន​នៃ​យានជំនិះគ្រប់ប្រភេទ និង​ការពារ​បរិស្ថាន​ដែលកើតចេញពីចំហេះ ប្រេងឥន្ធនៈមិន​សមស្រប និង​ពិសេស​ដើម្បី​ទប់ស្កាត់​ការកែ្ល​ងបន្លំ ។​

​ការត្រួតពិនិត្យ​គុណភាព និង​បរិមាណ​នេះ​គឺ​ផ្អែកទៅលើឧបករណ៍​ត្រួតពិនិត្យ​នៅនឹងកន្លែង ដូចជាធុងក្រឹ​តមានមាឌ ជាក់លាក់សម្រាប់​វាស់​បរិមាណ​ប្រេង​ដែល​បាញ់​ចេញពីកុង​ទ័​រ តាម​ទំហំ​ផ្សេង​ខុសគ្នា​មាន ចំណុះ ២​លីត្រ ៥​លីត្រ ១០​លីត្រ និង ២០លីត្រ ។ ចំណែក​ស​ន្ទ​ស្ស៍​អុក​តាន និង​សេ​តាន​វិញ គឺ​ប្រើឧបករណ៍ក្នុងរថយន្តមន្ទី​ពិសោធន៍​ចល័ត។​ ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ​របស់​ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូទាំង​៥កន្លែង នៅ​ទីតាំង ខាងលើនេះ​ គឺមានស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​២​កន្លែង ដែលមានអនុលោមភាព​លើផ្នែកគុណភាព និង​រង្វាស់រង្វាល់​។​

ចំណែក​ដេប៉ូ ៣កន្លែង​ទៀតមាន​កង្វះបរិមាណប្រេង​មិនត្រឹមត្រូវ​តាមបទដ្ឋានរង្វាស់រង្វាល់ឡើយ​។ លើសពីនោះមាន​ដេប៉ូ ០២កន្លែង បានលក់ប្រេងធម្មតា( Regular)ជា​ប្រេង ស៊ុប​ពែរ(Super) ទៅ​អ្នកប្រើប្រាស់​។ ​ក្រុមមន្ត្រីត្រួត ពិនិត្យបាន​ឲ្យម្ចាស់​ស្ថានីយ​ក្រុមហ៊ុន និងដេប៉ូធ្វើ​កិច្ចសន្យាកែតម្រូវម៉ាស៊ីន​លក់ប្រេងតាម​ការធ្វើ​ព្យា​សកម្មឲ្យបានត្រឹម ត្រូវឡើងវិញ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និងបានណែនាំឲ្យម្ចាស់ស្ថានីយ​លក់សាំងស៊ុប​ពែរដែលមានស​ន្ទ​ស្សន៍អុកតាន ពិតប្រាកដ​។​

​មន្ត្រី​បាន​បញ្ជាក់ថា ក្រុមការងារ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈរបស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹងបន្តធើ្វ​ការត្រួតពិនិត្យ​ឱ្យ បាន​គ្រប់​ស្ថានីយ​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏បានអំពាវនាវ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈចូល រួម​សហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋា​នកាំ​កុងត្រូល ក្នុង​កិច្ចការពារ​អ្នកប្រើប្រាស់​តាមផ្លូវ​ច្បាប់ហើយ​ចំពោះ​ក្រុមហ៊ុន​/​ដេប៉ូ ដែល​បាន​រកឃើញ​មាន​ការលក់​ប្រេងឥន្ធនៈ​មិនសមស្របត្រូវធ្វើ​ការបញ្ឈប់ និង​កែតម្រូវ​ឲ្យ​បាន​សមស្រប​ឡើងវិញ​ជាបន្ទាន់ បើ​មិន​ពុំនោះសោធ​នឹងត្រូវ​ទទួលរង​នូវចំណាត់ការ​តាមនីតិវិធី​នៃ​ច្បាប់ ជា​ធរមាន​៕