សារអេឡិចត្រូនិច
ការនាំអង្ករចេញ​របស់​កម្ពុជា កើន​ឡើងជា​បន្ដបន្ទាប់​ ​


ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស រយៈពេល​ជិត​១​ឆ្នាំ​២០១៧​នេះ​ឃើញថា បន្ដ​មាន​កំណើន​ជា​បន្ដ បន្ទាប់ ហើយ​បើ​ពិនិត្យ​តាម​តួលេខ​នាំចេញ​ប្រចាំខែអាច​ព្យាករណ៍​បាន​ថា នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ការនាំចេញ​អង្ករ​នឹងមាន​កំណើន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ខណៈ​រយៈពេល​១០​ខែ​កន្លងមកនេះ ការនាំចេញ​មាន​ចំនួន​ជាង​៤៩​ម៉ឺន​តោន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង​៤២​ម៉ឺន​តោន ។ ចំណែក​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង​៥៤​ម៉ឺន​តោន ធៀប​នឹង​ឆ្នាំ​២០១៥ ការនាំចេញ​សម្រេចបាន​ជាង​៥៣​ម៉ឺន​តោន ។​

តាម​អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​មើលឃើញថា ការនាំចេញ​អង្ករ​សរុប​ក្នុង​ឆ្នាំ​២០១៧​នេះ​នៅតែ​បន្ត​កើនឡើង​ដោយ​ផ្អែក​​លើ​តម្រូវការ​ទីផ្សារ​នៅ​ប្រទេស​ចិន ។​
​ ​
​លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​តាមរយៈ​បណ្ដាញសារព័ត៌មាន​​ក្នុងស្រុក​មួយ​ថា “…​ផ្អែកលើ​ការបង្កើន​ចំនួន​កូតា​បញ្ជា​ទិញ​របស់​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០១៧​នេះ​ការនាំចេញ​អង្ករ​សរុប​អាច​នឹង​​កើន​ដល់​៦០​ម៉ឺន​តោន លើស​ឆ្នាំទៅ ជាង​៥​ម៉ឺន​តោន​…”​។​
​ ​
​លោក​ឧកញ៉ា​បន្តថា “…​នៅ​២​ខែ​ចុង​ក្រោយនេះ​គ្មាន​ចំណុច​ណាមួយ​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទេ​…​ការ​​នាំចេញ​នឹង​កើនឡើង ដោយសារ​ប្រទេស​ចិន​បាន​បញ្ជា​ទិញ​កើនឡើង​…​ដូច្នេះ អ្វីដែល​គាត់​បញ្ជា​ទិញ គាត់​នឹង​ទិញ​ហើយ​យើង​រង់​​ចាំតែ​វេច​ខ្ចប់​ឱ្យ​គាត់​ប៉ុណ្ណោះ អីចឹង គ្មាន​ហេតុផល​អ្វីដែល​ធ្វើ​ឲ្យ​ការនាំចេញ​អង្ករ​ត្រូវ​ថយចុះ​ទេ​…”​។​
​ ​
​ចំណែក លោក​ឧកញ៉ា វង្ស ប៊ុនហេង នាយក​ក្រុមហ៊ុន​វង្ស​ប៊ុនហេង រ៉ា​យស៍ ក៏បាន​អះអាង​ដែរ​ថា “…​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​២០១៧ អាច​នឹង​កើនឡើង​បន្ថែម​ជាង​២​ម៉ឺន​តោន ដោយសារ​នៅ​ខែវិច្ឆិកា និង​ខែធ្នូ​នេះ​ជា​រដូវ​ប្រមូល​ផល​និង​ជំរុញ​ការផលិត​នាំចេញ​…​ក្នុង​​ឆ្នាំ​នេះដែរ ខ្ញុំ​មើលមិនឃើញ​ថាមាន​ចំណុច​ណា​ដែលថាការនាំចេញ​អង្ករ​ថយចុះ​ទេ គឺ​មានតែ​កើនឡើង​…​បើ​យើង​គិតពី​ចំនួន​កូតា​ចិន កើនឡើង​រហូត​ក្នុង​១​ឆ្នាំ កើនឡើង​១០​ម៉ឺន​តោន ហើយ​អឺរ៉ុប​គឺជា​ទីផ្សារ​មួយ​ថេរ​…”៕