សារអេឡិចត្រូនិច
ក្មេងស្រីសិស្សសាលា​​ម្នាក់ ត្រូវ​​ត្រាក់ទ័រ​ដឹក​ពោត​បុកបណ្តាល​ឲ្យ​ស្លាប់


បាត់ដំបង​៖ ក្មេងស្រី​ម្នាក់​ជា​សិស្សសាលា​ជិះ​កង់​ទៅ​រៀន​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ដោយសារ​ត្រាក់ទ័រ​ដឹក​ពោត​បុក​មួយ​ទំហឹង កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥៧​បេ ត្រង់ចំណុច​ភូមិ​អូរ​កណ្តោល ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​។​

​លោក គឹម វាសនា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​សំពៅ​លូនបាន​ឲ្យ​ដឹងថា ក្មេងស្រី​ដែល​ស្លាប់ឈ្មោះ ស៊ុន មករា អាយុ​១២​ឆ្នាំ (​សិស្សសាលា​) រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ចំណែក​ម្ចាស់​ត្រាក់ទ័រ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ទៅដល់​។​

​សាក្សី​បាន​ប្រាប់​សម​ត្ក​កិច្ច​ដែល​ចុះទៅ​វាស់វែង​ថា មុនពេល​កើតហេតុ​មាន​ក្មេងស្រី​សិស្សសាលា​ម្នាក់បាន​ជិះ​កង់​ទៅ​សាលារៀន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​បេ ត្រង់ចំណុច​ភូមិ​អូរ​កណ្តោល ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​។ ស្របពេល នោះមាន​ត្រាក់ទ័រ​ដឹក​ពោត​ដោយ​ដាក់​ពីមុខ​ផងនិង​ពីក្រោយ​ផង បើក​ស្រប​ទិស​គ្នា​មក​បុក​អ្នកជិះ​កង់​មួយ​ទំហឹង បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​វេទនា​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​ត្រាក់ទ័របាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​ទុក​ត្រាក់ទ័រ​នៅ​កន្លែងកើតហេតុ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​គួរ​បញ្ជាក់ថា ត្រាក់ទ័រ​ដឹក​កសិផល​គ្រប់​ប្រភេទ​នៅក្នុង​ស្រុក​ជាប់​ព្រំដែន​ដូចជា ស្រុក​កំរៀង ភ្នំព្រឹក សំពៅ​លូន និង​សំឡូត​ជាដើម តែងតែ​ដឹក​កសិផល​ពីមុខ​ផង​និង​ពីក្រោយ​ផង ឯ​តៃកុង​អង្គុយ​កណ្តាល​មើលទៅ​មុខ​មិនឃើញ​ទេ គឺមាន​អ្នក​អង្គុយ​ស៊ីញ៉ូ​ពីក្រោយ​។ ចំពោះ​ករណីនេះ មិនឃើញ​មាន​ប៉ូលិស​ចរាចរណ៍ ឬ​មន្ត្រី​ជំនាញ​ណា​ចាប់អារម្មណ៍​ទេ ជាហេតុ​ធ្វើ​ឲ្យ​អ្នកស្លាប់​និង​របួស​ជាច្រើន​នាក់​មកហើយ​។​

​បច្ចុប្បន្ន​សព​ត្រូវ​ប៉ូលិស​ប្រគល់ជូន​បងប្អូន ម្តាយ​យកមក​ធ្វើបុណ្យ​។ រីឯ​កង់​និង​ត្រាក់ទ័រ​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក រង់ចាំ​ចាប់​តៃកុង​ត្រាក់ទ័រ​បាន​៕