សារអេឡិចត្រូនិច
ជនជាតិបារាំងម្នាក់ជិះកង់​រៃអង្គាសប្រាក់ពីក្រុងប៉ារីស​មក​កម្ពុជា​ដើម្បី​សង់​សាលា​


អ្នក​ខេត្ត​សៀម​រាប ឬពល​រដ្ឋ​មួយ​ចំនួនផ្សេងទៀត​​ប្រហែល​ជាបាន​ស្គាល់​សាលា​បង្រៀន​ជំនាញ​ផ្នែក​បដិសណ្ឋារ​កិច្ច មួយ​នៅ​ខេត្ត​សៀមរាប​​ដែល​មាន​ឈ្មោះថា​ Paul Dubrule Hotel Tourism School ។ ​បច្ចុប្បន្ន​សាលា​នេះ បាន​និង​កំពុង​បណ្ដុះ​បណ្ដាល​សិស្ស​និស្សិត​ខ្មែរ​រាប់ពាន់​នាក់​ឲ្យមាន​ជំនាញ​ច្បាស់​លាស់​ និងក្លាយជាសហគ្រិនក្នុងវិស័យ​សណ្ឋាគារ​និង​ទេសចរណ៍​។​

​សាលារៀន​មួយ​នេះ ​ត្រូវបាន​បង្កើតឡើង​ដំបូង​ដោយ​ជនជាតិ​បារាំងម្នាក់​បានជិះ​កង់​រ៉ៃអង្គាស​ប្រាក់​តាំងពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​មក​ដល់​ខេត្ត​សៀមរាប​ដើម្បី​​សាង​សង់​សាលា​រៀន​មួយនេះ​។

លោក Patrick Basset ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន AccorHotels ​ប្រចាំនៅ​អាស៊ី​អាគ្នេយ៍ អាស៊ីឦសាន ​និង​ម៉ាល់ឌីវ ​ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​ នៅសណ្ឋាគារ Sofitel ភ្នំពេញម្សិលមិញនេះថា សា​លា Paul Dubrule Hotel Tourismជាស្នាដៃ​របស់​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​សណ្ឋាគារ AccorHotels ឈ្មោះថា Paul Dubrule។

លោក Patrick ​បានរៀប​រាប់ថា​ ​កាលពី​១៥ឆ្នាំមុន​ ​លោក​ Paul Dubrule ​បាន​មក​លេង​ទឹកដី​អង្គរនៃ​ខេត្ត​សៀមរាប​ ​លោក​សម្លឹង​ឃើញ​​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​នាពេល​អនាគត​នឹងកើនឡើង​នៅ​តំបន់​នេះ ​ដែល​ធ្វើឲ្យ​លោក​ផ្ដើម​មានគំនិត​បង្កើត​សាលាបង្រៀន​សណ្ឋាគារ​បដិសណ្ឋារកិច្ច​នេះ​ឡើង​។

​បន្ទាប់​មក លោក​ក៏​​បាន​សម្រេច​ចិត្ត​ត្រឡប់ទៅ​ស្រុក​កំណើត​ហើយ​ ​បាន​ជិះ​កង់ពី​ប៉ារីសមក​ខេត្ត​សៀមរាប​ ដើម្បី​រៃ​អង្គាស​​ប្រាក់​ បូកផ្សំ​និង​ប្រាក់​ផ្ទាល់​ខ្លួន​ ​សាងសង់​សាលា​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​ក្រីក្រ​ឲ្យរៀន​ជំនាញ​បដិសណ្ឋារ​កិច្ច​ឥតគិតថ្លៃ​ ​និង​អាច​រក​ចំណូលចិញ្ចឹម​ជីវិត​បាន​ងាយ​ស្រួលពី​វិស័យ​នេះ​។ ចំពោះទំហំទឹកប្រាក់ដែលសហស្ថាបនិកខាងលើរកបាន តំណាងក្រុមហ៊ុុននេះ មិនបានបញ្ជាក់ឡើយ។

សា​លា Paul Dubrule Hotel Tourism នេះ ​ផ្នែក​មួយ​នៃក្រុមហ៊ុន​សណ្ឋាគារ​ដ៏ល្បីល្បាញដែល​មាន​សណ្ឋាគារ​ជាង ៤០០០​នៅ​ក្នុង​ប្រទេស​ចំនួន​​៩៥​នៅ​ជុំវិញ​ពិភព​លោក​​ និង​បានបណ្ដុះ​បណ្ដាល​និស្សិតខ្មែរជំនាញ​សណ្ឋាគារ​បដិសណ្ឋារកិច្ច​ស្រប​តាម​ស្ដង់ដា​អន្តរជាតិ​ និង​មានឱកាស​ចូលធ្វើការ​ក្នុង​សណ្ឋាគារ​ល្បីៗនៅ​តំបន់អាស៊ី​ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ AccorHotels។

កាល​បើក​ដំបូង​សាលា​រៀននេះ​បាន​ផ្តល់​ការសិក្សា​ដោយ​មិនគិត​ថ្លៃ​ដល់​សិស្ស និស្សិត​ខ្មែរ ទោះយ៉ាងណាលោក Patrick មិនបាន​បញ្ជាក់ទេថា​ការមិន​យក​ប្រាក់នេះ​ត្រូវបញ្ចប់​តាំងពីពេលណា។ បច្ចុប្បន្ន​សិស្ស​ដែល​ចូលរៀន​នៅ សាលានេះ​ ត្រូវចំណាយយ៉ាងហោចណាស់ក៏៣០០០ដុល្លារក្នុងមួយឆ្នាំប៉ុន្តែលោក Patrickថា សាលាទទួលពីសិស្ស ផ្ទាល់​ចំនួនតែ ៩០០ដុល្លារ និងសល់២១០០ដុល្លារទៀត ត្រូវបានអង្គការនានាជាអ្នកឧបត្ថម្ភតាម​រយៈការរៃអង្គាស​របស់​លោកPaul Dubrule៕ ​​

ប្រភព៖ Sabay