សារអេឡិចត្រូនិច
អាមេរិក​កំពុង​តេស្ត​ឈីប​ដាក់​ក្នុង​ខួរ​ក្បាល​ ដើម្បី​ប្ដូរ​អារម្មណ៍​មនុស្ស​​


យោធា​សហរដ្ឋអាមេរិក​កំពុង​​ចាប់​​ផ្ដើម​តេស្ត​​ឈីប​ដែល​ដាក់​ចូល​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ ដែល​អាច​ផ្លាស់​ប្ដូរ​អារម្មណ៍​មនុស្ស​បាន។

ឈីប​នេះ​អាច​បញ្ចេញ​នូវ​ជីពចរ​អេឡិចត្រូនិក​ ដែល​អាច​ប្ដូរ​អារម្មណ៍​ខួរ​ក្បាល​ ជា​ដំណើរ​ការ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "​រំញោច​ខួរ​ក្បាល​ដ៏​ជ្រាល​ជ្រៅ”។ ប្រសិន​បើ​ការ​តេស្ត​នេះ​ទទួល​បាន​ជោគជ័យ​ នោះ​គេ​​នឹង​អាច​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ជា​ច្រើន​ប្រភេទ​បាន។

ឈីប​​នេះ​ដែរ ជា​ការ​បង្កើត​ឡើង​របស់​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ទីភ្នាក់ងារ​ស្រាវជ្រាវ​គម្រោង​កម្រិត​ខ្ពស់​ (Defense Advanced Research Projects Agency) ផ្នែក​មួយ​នៃ​​មន្ទីរ​ការពារ​​​សហរដ្ឋអាមេរិក​ ដែល​មាន​នាទី​បង្កើត​បច្ចេកវិទ្យា​ថ្មី​សម្រាប់​យោធា។

ការ​ផលិត​ឈីប​នេះ​ឡើង​​គឺ​មាន​ប្រើ​ប្រាស់​នូវ​រូបមន្ត​ Artificial Intelligence ដែល​អាច​ដឹង​​ពី​ដំណើរ​នៃ​សកម្មភាព​ ពាក់ព័ន្ធ​នឹង​អារម្មណ៍​ដែល​មិន​ប្រក្រតី​របស់​មនុស្ស។ ពេល​ដែល​ដឹង​ហើយ​ វា​អាច​​ឆក់​​ខួរ​ក្បាល​​មនុស្ស​មក​កាន់​សភាព​ធម្មតា​វិញ​​ដោយ​ស្វ័យប្រវត្តិ។

ឈីប​នេះ​ត្រូវ​បាន​តេស្ត​លើ​មនុស្ស​ ៦ នាក់​ដែល​មាន​ជំងឺ​ឆ្កួត​ជ្រូក​ និង​​មាន​​បំពាក់​​នូវ​អេឡិចត្រូត​ក្នុង​ខួរ​ក្បាល​​​​ដើម្បី​តាមដាន​ជំងឺ​របស់​ពួក​គេ។ តាម​រយៈ​អេឡិចត្រូត​ទាំង​នេះ​ អ្នក​ស្រាវជ្រាវ​អាច​ដឹង​ថា​​មាន​អ្វី​កើត​ឡើង​ក្នុង​ខួរ​ក្បាល​របស់​ពួក​គេ​ ពេញ​មួយ​ថ្ងៃ។ តាម​ការ​តាម​ដាន​សកម្មភាព​នេះ​ដែរ អ្នក​ស្រាវជ្រាវ​អាច​បង្កើត​បាន​រូបមន្ត​ដើម្បី​បំបែក​កូដ​អារម្មណ៍​មនុស្ស​បាន។

បន្ទាប់​មក​ទៀត​ក្រុម​អ្នក​ស្រាវជ្រាវ​​រក​ឃើញ​ថា​ តាម​រយៈ​ការ​​បញ្ជូន​ចរន្ត​ឆក់​​ទៅ​កាន់​តំបន់​នៃ​ខួរ​ក្បាល​​ដែល​មាន​នាទី​សម្រេច​ចិត្ត​ និង​អារម្មណ៍​ អ្នក​ដែល​ចូល​រួម​ក្នុង​ការ​តេស្ត​​ហាក់​មាន​សភាព​ប្រសើរ​ជាង​មុន៕

​​​​​​​​​​​​​​ប្រភព៖ Dailymail