សារអេឡិចត្រូនិច
ក្រុង​ហូជីមិញ គ្រោង​រៀប​ចំ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​សាលា​មត្តេយ្យ


អាជ្ញាធរ​ក្រុង​ហូជីមិញ គ្រោង​រៀប​ចំ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​សាលា​មត្តេយ្យ និង​កន្លែង​ថែ​ទាំ​ក្មេង​មួយ​ចំនួន ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ។

សាលា​ក្រុង​មួយ​នេះ​ បាន​រៀប​ចំ​ការ​ប្រជុំ​កាល​ពី​ពេល​រសៀល​ថ្ងៃ​ម្សិលមិញ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នឹង​បញ្ហា​អំពី​ហិង្សា​លើ​រូប​រាង​កាយ​កុមារ។ ការ​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​វៀតណាម Tuoi Tre កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចុះ​ផ្សាយ​ពី​កន្លែង​ថែទាំ​ក្មេង​មួយ​កន្លែង​ឈ្មោះ Mam Xanh ដែល​នៅ​ទី​នោះ ​អ្នក​ចាត់​ការ និង​បុគ្គលិក បាន​ធ្វើ​ការ​វាយ​ដំ​ក្មេង​អាយុ​ចន្លោះ​ពី ២​ ទៅ ៥​ឆ្នាំ​ជា​រៀង​រាល់​ថ្ងៃ។

បន្ទាប់​ពី​ប្រជុំ​ពិភាក្សា​រួច នាយកដ្ឋាន​អប់រំ​របស់​សាលា​ក្រុង​ហូជីមិញ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ផែន​ការ​លម្អិត​មួយ​ដើម្បី​រៀប​ចំ​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​គ្រឹះ​ស្ថាន មត្តេយ្យ​សិក្សា​ទូ​ទាំង​ទី​ក្រុង​មួយ​នេះ។ កាមេរ៉ា​នឹង​ត្រូវ​បំពាក់​នៅ​តាម​បន្ទប់​ទាំង​អស់ លើក​លែង​តែ​បន្ទប់​ទឹក និង​បន្ទប់​ឯក​ជន​មួយ​ចំនួន។

លើស​ពី​នេះ ចំពោះ​កន្លែង​ថែ​ទាំ​ក្មេង និង​សាលា​មតេ្តយ្យ​ថ្មី ត្រូវ​តែ​រៀប​ចំ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​បាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ធ្វើ​ការ​ដំណើរ​ការ។

បន្ថែម​ពី​លើ​នេះ​ទៀត កាល​ពី​ម្សិលមិញ គណៈ​កម្មការ​បក្ស​នៅ​ទី​ក្រុង​ហូជីមិញ​ ក៏​បាន​ចេញ​​បញ្ជា​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដ៏​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទៅ​លើ​កន្លែង​មើល​ក្មេង​ឯក​ជន​មួយ​ចំនួន​ក្នុង​ទី​ក្រុង​មួយ​នេះ។ គ្រឹះស្ថាន​ទាំង​នោះ​ នឹង​ប្រឈម​ទោស​យ៉ាង​ធ្ងន់ធ្ងរ បើ​ពិនិត្យ​ឃើញ​ថា បាន​រំលោភ​ច្បាប់ និង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខុមាលភាព​របស់​កុមារ៕

ប្រភព៖ tuoitrenews