សារអេឡិចត្រូនិច
អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង​ស្នើ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ជាបន្ទាន់


ក្រុម​បេសកម្ម​ការទូត​អាមេរិក​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹងធ្វើ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​ទី​២៩​ខែវិច្ឆិកា​ដើម្បី​ពិភាក្សា​អំពី​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចុង​ក្រោយបង្អស់​របស់​កូរ៉េខាងជើង​នេះ​។​

​អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានស្នើ​ឱ្យមាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាបន្ទាន់​ដើម្បី​និយាយ​អំពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប(ICBM) របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាងនេះ ដោយ​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយថា វា​ទំនងជា​បាន​ធ្លា​ក់នៅ​តំបន់​សេដ្ឋកិច្ច​សមុទ្រ​ពិសេស​របស់​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ​ទី​២៩​ខែវិច្ឆិកា​នេះ​។​

​កាលពីពេល​មុននេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​និយាយថា មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ បាន​ហោះ​ចម្ងាយ​ប្រហែល​១.០០០​គីឡូម៉ែត្រ នៅមុន​ពេល​វា​បាន​ធ្លាក់​នៅ​តំបន់​សេដ្ឋកិច្ច​សមុទ្រ​ពិសេស​របស់​ជប៉ុន​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានកំណត់​ជំនួប​ប្រជុំ​រួចហើយ​ដើម្បី​ពិភាក្សា​អំពី​ភាពជឿនលឿន​ក្នុងការ​អនុវត្ត​ការដាក់ទណ្ឌកម្ម​ដែល​ត្រូវបាន​អនុម័ត​នាពេល​ថ្មីៗ​នេះ​ដើម្បី​ទប់​បង្អាក់​ប្រាក់ចំណូល​ដល់​កម្មវិធី​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​មក ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានដាក់​បម្រាម​លើ​ការនាំចេញ​ធ្យូងថ្ម ដែក គ្រឿង​អេ​ឡិច​ត្រូ​និ​ច វាយ​ន​ភណ្ឌ និង​គ្រឿង​អាហារ​សមុទ្រ និង ការដាក់កំហិត​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​រួមគ្នា​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​៕