សារអេឡិចត្រូនិច
Samsung ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ អាច​សាក​លឿន​ជាង​មុន ​៥​ដង​


ក្រុមហ៊ុន​ Samsung បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ដែល​ប្រើប្រាស់​សារធាតុ​ graphene ​ដើម្បី​បង្កើន​សមត្ថភាព ​និង​ល្បឿន​សាក​ថ្ម​លឿន​ជាង​មុន៥​ដង​ ។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ Samsung Advanced Institute of Technology ​និយាយ​ថា​ ថ្ម​ដែល​មាន​សារធាតុ​ graphene មាន​សមត្ថភាព​ខ្ពស់​ជាង​ ៤៥% ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ម៉ូដែល​មាន​លើ​ទីផ្សារ​ពេល​បច្ចុប្បន្ន​ ។ Graphene ​គឺ​ជា​ទម្រង់​មួយ​នៃ​កាបូន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ធាតុផ្សំ​ដ៏​ល្អ​មួយ​សម្រាប់​ប្រើប្រាស់​ក្នុង​ថ្ម​ព្រោះ​វា​ប្រតិបត្តិការ​អគ្គិសនី​លឿង​ជាង​ថ្ម​ Silicon ​ដល់​ទៅ​ ៤០ ​ដង​ឯណោះ​ ។

ក្រុមហ៊ុន​ Samsung ​និយាយ​ថា ​ថ្ម​បាន​ផ្សំ​ជាមួយ​សារធាតុ​ graphene ​នឹង​ប្រើ​ពេល​តែ​ ១២​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​សាក​ថ្ម​ឱ្យ​ពេញ​ ខណៈ​ថ្ម​ពេល​បច្ចុប្បន្ន​ចំណាយ​ពេល​ដល់​ទៅ​ ១ ​ម៉ោង​ ។ ក្រៅ​ពីនេះ​ថ្ម​មាន​ grapheme ​អាច​រក្សា​ស្ថិរភាព​រហូត​ដល់​ ៦០​ដឺក្រេ​ ហើយ​វា​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រថយន្ត​អគ្គិសនី​ផង​ដែរ​ ។

ការ​ស្រាវជ្រាវ​នេះ​បាន​ចុះ​ផ្សាយ​លើ​ព្រឹត្តិបត្រ​ Nature Communications ​ក្រោម​ចំណង​ជើង​ថា​ Graphene Balls ​សម្រាប់​ថ្ម​លីចូម​អាច​សាក​ថ្ម​បាន​ជាមួយ​នឹង​ការ​សាកថ្ម​លឿន​ និង​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់​ ។ ពាក់ព័ន្ធ​នឹង​របក​គំហើញ​ថ្មី​នេះ​វិទ្យាស្ថាន Samsung Advanced Institute of Technology ​បាន​ដាក់​ស្នើ​សុំ​ប៉ាតង់​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​និង​អាមេរិក​ ៕

ប្រភព៖ Koreaherald