សារអេឡិចត្រូនិច
អា​រ៉ា​ប៊ី​សា​អូឌីត​ដោះលែង​ព្រះអង្គម្ចាស់​មួយអង្គ​ពី​ការ​ឃុំឃាំង


ប្រភព​មួយ​បាន​និយាយថា អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​វិច្ឆិកា​បាន​ដោះលែង​ព្រះអង្គម្ចាស់ មី​ថេប ប៊ី​ន អាប់​ឌូ​ឡាស (Miteb bin Abdullah) ដ៏​មាន​ឥទ្ធិពល​មួយរូប​នៅក្នុង​ប្រទេស ពោលគឺ​ជាង​បី​សប្តាហ៍​បន្ទាប់ពី​ទ្រង់​ត្រូវបាន​ឃុំឃាំង​ក្នុងការ​បោសសំអាត​អំពើពុករលួយ​ក្នុងចំណោម​ពួក​អ្នកធំៗ​របស់​ព្រះរាជាណាចក្រ​មួយ​នេះ​។​

​អតីត​ប្រមុខ​កង​ឆ្មាំ​ការពារជាតិ​រូបនេះ​បាន​ស្ថិត​ក្នុងចំណោម​ព្រះអង្គម្ចាស់ រដ្ឋមន្ដ្រី និង​ពាណិជ្ជករ​ជាង ២០០ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ដើមខែ​នេះ ខណៈដែល​រជ្ជទាយាទ ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល់​ម៉ាន់ (Mohammed bin Salman) បាន​ពង្រឹង​អំណាច​របស់​ទ្រង់​។​

​ព្រះអង្គម្ចាស់ មី​ថេប ដែល​ធ្លាប់​គេ​មើលឃើញថា​ជា​គូប្រជែង​គ្រង​រាជបល្ល័ង្ក​នោះ គឺជា​រាជវង្ស​ដែលមាន​ឋានៈ​ខ្ពស់បំផុត ដែល​ត្រូវបាន​ដោះលែង​រហូតមក​ដល់ពេលនេះ ខណៈដែល​រដ្ឋាភិបាល​ហាក់ដូចជា​ធ្វើការ​ដោះស្រាយ​ខាង​រូបិយវត្ថុ​ជាមួយ​ជន​ជាប់ឃុំ​មួយចំនួន​ជា​ថ្នូរ​នឹង​ការដោះលែង​ពួកគេ​ឱ្យមាន​សេរីភាព​។​

​ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​ពិតមែន​ហើយ ព្រះអង្គម្ចាស់​មី​ថេប ត្រូវបាន​គេ​ដោះលែង​នៅ​ព្រឹក​នេះ (​ថ្ងៃ​អង្គារ​)” ដោយ​មិនបាន​លើកឡើង​ពី​លក្ខខណ្ឌ​នៃ​ការដោះលែង​ទ្រង់​នោះទេ​។ ព្រះអង្គម្ចាស់​នេះ​ក៏​មិនអាច​ទាក់ទង​សុំ​បំភ្លឺ​បាន​នោះដែរ​។​

​ក្រុមមន្ត្រី​ក្រសួង​ព័ត៌មាន​អារ៉ាប់​ប៊ី​សា​អូឌីត​មិនអាច​បញ្ជាក់​ពី​ដំណើរ​អភិវឌ្ឍ​បានទេ ប៉ុន្តែ​សារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដោយ​សមាជិក​រាជវង្ស​បាន​លើកឡើងថា ទ្រង់​ត្រូវបាន​ដោះលែង​ហើយ​។​

​គួរ​បញ្ជាក់ថា អគ្គ​រដ្ឋអាជ្ញា​អា​រ៉ា​ប៊ី​សា​អូឌីត​ព្យាករណ៍​ថា លុយ​យ៉ាងតិច ១០០ ពាន់​លាន​ដុល្លារ​ត្រូវបាន​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ក្នុងករណី​កិបកេង ឬ អំពើពុករលួយ​ជាច្រើន​ទសវត្សរ៍​មកនេះ​៕