សារអេឡិចត្រូនិច
ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​ឆក់​ឆេះ​ខ្លោច​ខ្លួន​រងរបួស​ធ្ងន់ ពេល​ផ្សារ​ពិ​ដាន​ផ្ទះ​


បន្ទាយមានជ័យ​៖ ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​ឆក់​ឆេះ​ខ្លោច​ខ្លួន​ជាង​ពិ​ដាន​ផ្ទះ​ម្នាក់ បង្ក​រងរបួស​ធ្ងន់​យ៉ាង​ខ្លោចផ្សារ ពេល​ផ្សារ​ដែក​នៅក្បែរ​សាលាក្រុង​សិរីសោភ័ណ នា​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​ ​លោក​វរសេនីយ៍ ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ភូ ភុយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​លោក​បន្តថា យោង​អ្នកឃើញ​ហេតុការណ៍​ប្រាប់ថា មុនពេល​កើតហេតុ​មាន​ជាងដែក និង​ជាង​ធ្វើ​ពិ​ដាន​ផ្ទះ​មួយក្រុម​បាននាំគ្នា​មក​ធ្វើ​ផ្ទះ​របស់​ឈ្មោះ មឿ​ន សីហា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។ ជនរងគ្រោះ​បាន​ឡើងទៅ​ផ្នែក​ខាងលើ​ផ្ទះ​ដើម្បី​ធ្វើ​ពិ​ដាន​ផ្ទះ តែ​ខណៈនោះ​មាន​កម្មករ​ម្នាក់ទៀត​បាន​ហុច​ឆ្អឹង​ដែក​ឱ្យ​ជនរងគ្រោះៗ ក៏​ចាប់​ទាញយក​ឡើងលើ​ក៏​ភ្លាត់ស្នៀត ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​(​ខ្សែ​បញ្ជូន​ចរន្ត​) ស្រាត​តង់ស្យុង​ខ្ពស់ បណ្តាលឱ្យ​ឆក់​ជនរងគ្រោះ​ឆេះ​ខ្លោច​មួយ​ចំហៀង​ខ្លួន រងរបួស​ធ្ងន់​។​ ​ម្ចាស់ផ្ទះ​និង​កម្មករ​ធ្វើការ​ជាមួយគ្នា​ជួយសង្គ្រោះ​បញ្ជូនទៅ​បន្ទាន់នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​- ជប៉ុន ស្រុក​មង្គល​ប​មង្គលបុរី​។​

​សូមបញ្ជាក់ថា ផ្ទះ​ខាងលើ​កសាង​នៅក្រោម​បង្គោល​ខ្សែភ្លើង​នៅលើ​ចំណីផ្លូវ​សាធារណៈ ហើយ​ជាប់​នឹង​របង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​។​

​សូម​រំលឹក​អាជ្ញាធរ​អគ្គីសនី​បាន​ព្រមាន​ថា រាល់​ការកសាង​ផ្ទះ ឬ​សំណង់​អគារ​ទាំងឡាយ ត្រូវ​នៅ​អោយ​ឆ្ងាយ​យ៉ាងតិច​៣​ម៉ែត្រ ពី​ខ្សែបណ្តាញ​អគ្គិសនី​៕