សារអេឡិចត្រូនិច
ខ្យល់ព្យុះនៅ​ឥណ្ឌូនេស៊ី​ ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៩​នាក់


មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​វិច្ឆិកា​ថា ខ្យល់ព្យុះ​សេម​ផា​កា (Cempaka) ដែល​បក់បោក​លើ​កោះ​ជ្វា ប្រទេស​ឥណ្ឌូនេស៊ី​បាន​បង្កឱ្យមាន​ទឹកជំនន់​និង​ការបាក់​ដី​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​១៩​នាក់​។​

​បំណាក់​ដី​បានសម្លាប់​មនុស្ស​១៥​នាក់​នៅ​ភាគ​ខាងកើត​និង​ភាគ​កណ្តាល​កោះ​ជ្វា ខណៈដែល​មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​ស្លាប់ ដោយសារ​ទឹកជំនន់ ដែល​បណ្តាលមកពី​ខ្យល់ព្យុះ​នេះ ។​

​លោក ស៊ូ​តូ​ផូ ភួ​វ៉ូ នូ​ហ្គ្រោ​ហូ អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី​បាន​និយាយថា “​ផ្ទះ​រាប់ពាន់​ខ្នង ដី​កសិកម្ម​ច្រើន​ហិកតា និង អគារ​ការិយាល័យ​ជាច្រើន​ក៏ត្រូវ​បាន​ទឹក​ជន់​លិច​ដែរ​”​។​

​ការបំផ្លិចបំផ្លាញ​ដោយ​ពី​ព្យុះ​នេះ គឺ​កើតឡើង ស្រប​ពេលដែល​ភ្នំភ្លើង​អា​គង់នៅ​កោះ​រមណីយដ្ឋាន​កោះ​បាលី បាន​គំរាមកំហែង​ខ្លាំង​ឡើង ដោយ​បណ្តាលឱ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​។​

​ខ្យល់ព្យុះ​សេម​ផា​កា ត្រូវបាន​គេ​រំពឹងថា​នឹង​បក់បោក​ចាកចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ទី​៣០​ខែវិច្ឆិកា ) ប៉ុន្តែ ការលិចលង់ និង ការបាក់​ដី​អាច​កើតឡើង​ពីក្រោយ​បន្ទាប់​៕